អ្នកឧកញ៉ា ហ៊ុន ឡាក់ តំណាងលោកអ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានសមាគមឧកញ៉ាកម្ពុជា បានបន្តដឹកនាំគណៈប្រតិភូសមាគមឧកញ៉ាកម្ពុជា ចូលរួមគោរពវិញ្ញាណក្ខន្ធ លោកព្រិន្ទបាលឯក ណៃ ចន្នី

សមាគមឧកញ៉ាកម្ពុជា

អ្នកឧកញ៉ា ហ៊ុន ឡាក់ អគ្គលេខាធិការ និងជាតំណាងលោកអ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានសមាគមឧកញ៉ាកម្ពុជា នៅរសៀលថ្ងៃព្រហ្បតិ៍ ទី៣១ ខែកក្កដា ឆ្នាំ២០២៥ បានបន្តដឹកនាំគណៈប្រតិភូសមាគមឧកញ៉ាកម្ពុជាដែលរួមមានសមាសភាព អ្នកឧកញ៉ា និងឧកញ៉ា ជាច្រើនរូប បានបន្តចូលរួមគោរពវិញ្ញាណក្ខន្ធ លោកព្រិន្ទបាលឯក ណៃ ចន្នី យោធិននៃកងពលតូចអន្តរាគមន៍លេខ៨ ចំណុះកងពលធំអន្តរាគមន៍លេខ៣ កងទ័ពជើងគោក ដែលបានពលីជីវិតប្រយុទ្ធលើសមរភូមិដើម្បីការពារបូរណភាពទឹកដីក្នុងការប្រយុទ្ធជាមួយកងទ័ពឈ្លានពានសៀម កាលពីថ្ងៃអាទិត្យទី២៧ ខែកក្កដា ឆ្នាំ២០២៥ ក្នុងជន្មាយុ៤៥ឆ្នាំ ដោយពិធីបុណ្យសពដែលបានប្រារព្ធធ្វើនៅគេហដ្ឋានស្ថិតនៅភូមិរំលឹក ឃុំទួលសាលា ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ទើបតែបានបញ្ចប់តាមគន្លងប្រពៃណី។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងវេលាដ៏ក្រៀមក្រំនេះដែរ អ្នកឧកញ៉ា ហ៊ុន ឡាក់ បានពាំនាំនូវការចូលរួមរំលែកទុក្ខពីលោកអ្នកឧកញ៉ាប្រធាន ក៏ដូចជាលិខិតរំលែកមរណទុក្ខពីសមាគមឧកញ៉ាកម្ពុជា ជូនក្រុមគ្រួសារ នៃសពចំពោះមរណភាពរបស់ លោកព្រិន្ទបាលឯក ណៃ ចន្នីដែលជាកុលបុត្រខ្មែរមួយរូបប្រកបដោយវីរភាពដ៏អង់អាចក្លាហានពោរពេញដោយស្មារតីស្នេហាជាតិមាតុភូមិ។

សូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធ លោកព្រិន្ទបាលឯក ណៃ ចន្នី សូមបានបដិសន្ធិក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។ វីរភាពដ៏អង់អាចរបស់លោកនឹងស្ថិតក្នុងការចងចាំក្នុងដួងចិត្តប្រជាជនខ្មែរគ្រប់រូបគ្មានថ្ងៃបំភ្លេចបាន៕