អ្នកឧកញ៉ា ហ៊ុន ឡាក់ ដឹកនាំគណៈប្រតិភូសមាគមឧកញ៉ាកម្ពុជា ចុះសួរសុខទុក្ខវីរកងទ័ពដែលរងរបួសនៅសមរភូមិ និងកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យព្រះកេតុមាលា

សមាគមឧកញ៉ាកម្ពុជា

នាព្រឹកថ្ងៃសុក្រ ទី៨ ខែសីហា ឆ្នាំ២០២៥នេះ អ្នកឧកញ៉ា ហ៊ុន ឡាក់ អគ្គលេខាធិការ និងជាតំណាងលោកអ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានសមាគមឧកញ៉ាកម្ពុជា បានដឹកនាំគណៈប្រតិភូសមាគមឧកញ៉ាកម្ពុជា ដែលរួមមានវត្តមាន អ្នកឧកញ៉ា និងឧកញ៉ា ជាច្រើនរូបចុះសួរសុខទុក្ខវីរកងទ័ពដែលរងរបួសនៅសមរភូមិ និងកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យព្រះកេតុមាលា ក្រោមការយកចិត្តទុកដាក់ជាពិសេសពីថ្នាក់ដឹកនាំមន្ទីរពេទ្យ សាស្ត្រាចារ្យ និងវេជ្ជបណ្ឌិតឯកទេសគ្រប់ជំនាញ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងឱកាសនេះដែរ អ្នកឧកញ៉ាអគ្គលេខាធិការ បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខ និងការកោតសរសើរពីលោកអ្នកឧកញ៉ាប្រធាន ជូនចំពោះវីរភាពកងទ័ពដែលបានតស៊ូ លះបង់សាច់ស្រស់ ឈាមស្រស់ ដើម្បីបុព្វហេតុការពារបូរណភាព និងសេចក្តីសុខសន្តិភាពជូនជាតិ និងប្រជាជនកម្ពុជាប្រកបដោយភាពអង់អាចក្លាហានជាទីបំផុត រួមទាំងបានប្រគល់ជូននូវថវិកាមួយចំនួនពីសមាគមឧកញ៉ាកម្ពុជា ជូនដល់យោធិនដែលកំពុងសម្រាកព្យាបាលរបួសផងដែរ។

ជាមួយគ្នានេះ អ្នកឧកញ៉ា ហ៊ុន ឡាក់ ក៏ដូចជា អ្នកឧកញ៉ា និងឧកញ៉ា ទាំងអស់ដែលបានចូលរួមក្នុងដំណើរចុះសួរសុខទុក្ខនេះបានជូនពរដល់វីរកងទ័ពទាំងអស់ដែលកំពុងសម្រាកព្យាបាលរបួស សូមបានឆាប់ជាសះស្បើយដើម្បីវិលត្រលប់ទៅបំពេញការងារនាពេលដ៏ខ្លីខាងមុខ។ បន្ថែមពីលើនេះ អ្នកឧកញ៉ា និងគណៈប្រតិភូ ក៏បានសម្តែងនូវអំណរគុណចំពោះក្រុមគ្រូពេទ្យ និងបុគ្គលិកសុខាភិបាលទាំងអស់ ដែលបានកំពុងបំពេញនាទីជាកងទ័ពអាវសជួរក្រោយដោយឈរលើសាមគ្គីភាពជាធ្លុងមួយ យកចិត្តទុកដាក់មិនរាថយបម្រើការថែទាំព្យាបាលអ្នកជំងឺគ្រប់ស្ថានការណ៍ ប្រកបដោយវិជ្ជាជីវៈ និងសេចក្តីស្រឡាញ់អាណិតអាសូរ។

សូមបញ្ជាក់ថា នាសប្តាហ៍កន្លងមក ថ្នាក់ដឹកនាំ ក៏ដូចជាសមាជិក នៃសមាគមឧកញ៉ាកម្ពុជា ក៏បានចុះសួរសុខទុក្ខព្រមទាំងនាំយកនូវអំណោយជាថវិកា គ្រឿងឧបភោគបរិភោគផ្សេងៗជូនដល់ក្រុមគ្រួសារយោធិនពលីក្នុងសមរភូមិនាមូលដ្ឋានផ្ទាល់ដែលស្ថិតនៅក្នុងរាជធានីភ្នំពេញ និងតាមបណ្តាខេត្តនានាផងដែរ៕