អ្នកឧកញ៉ា ផែ ហុកឈួន ដឹកនាំគណៈប្រតិភូសមាគមឧកញ៉ាកម្ពុជា ចូលរួមគោរពវិញ្ញាណក្ខន្ធសពលោកវរសេនីយ៍ត្រី ប៊ូ ផូ  នៅខេត្តកំពង់ធំ

សមាគមឧកញ៉ាកម្ពុជា

នាព្រឹកថ្ងៃពុធ ទី២០ ខែសីហា ឆ្នាំ២០២៥នេះ អ្នកឧកញ៉ា ផែ ហុកឈួន អនុប្រធាន និងជាតំណាងលោកអ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានសមាគមឧកញ៉ាកម្ពុជា អមដោយអ្នកឧកញ៉ាអគ្គលេខាធិការ និងអ្នកឧកញ៉ាសមាជិកក្រុមប្រឹក្សាភិបាលជាច្រើនរូបបានចូលរួមពិធីគោរពវិញ្ញាណក្ខន្ធសពលោកវរសេនីយ៍ត្រី ប៊ូ ផូ ជាយោធិនក្នុងកងពលតូចអន្តរាគមន៍លេខ៨ នៃកងពលធំអន្តរាគមន៍លេខ៣ កងទ័ពជើងគោក ដែលបានពលីក្នុងសមរភូមិដើម្បីបុព្វហេតុជាតិមាតុភូមិនាពេលថ្មីៗនេះ ដោយពិធីបុណ្យត្រូវបានប្រារព្ធឡើងនៅគេហដ្ឋានក្នុងភូមិវាលតូច ឃុំអណ្តូងពោធិ៍ ស្រុកតាំងគោក ខេត្តកំពង់ធំ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងវេលាដ៏ក្រៀមក្រំនេះដែរ អ្នកឧកញ៉ា ផែ ហុកឈួន បានពាំនាំនូវសារចូលរួមរំលែកទុក្ខពីលោកអ្នកឧកញ៉ាប្រធាន ក៏ដូចជាលិខិតរំលែកមរណទុក្ខ និងថវិកាមួយចំនួនពីសមាគមឧកញ៉ាកម្ពុជា ជូនក្រុមគ្រួសារ នៃសពផងដែរ។

មរណភាពរបស់លោកវរសេនីយ៍ត្រី ប៊ូ ផូ គឺជាការបាត់បង់នូវស្វាមីដែលប្រកបដោយសង្គហធម៌ដ៏ឧត្តុង្គឧត្តមចំពោះភរិយា ជាឪពុកប្រកបដោយព្រហ្មវិហារធម៌ចំពោះកូនៗហើយក៏ជាការបាត់បង់នូវយោធិនដ៏អង់អាចក្លាហានដោយបានធ្វើពលិកម្មនូវសាច់ស្រស់ឈាមស្រស់ប្រកបដោយភាពមោះមុតនៅក្នុងបុព្វហេតុការពារអធិបតេយ្យ និងបូរណភាពទឹកដី។ វីរភាពដ៏អង់អាចរបស់លោកនឹងស្ថិតក្នុងការចងចាំក្នុងដួងចិត្តប្រជាជនខ្មែរគ្រប់រូបគ្មានថ្ងៃបំភ្លេចបាន។

សូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធលោកវរសេនីយ៍ត្រី ប៊ូ ផូ បានបដិសន្ធិក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕