នាថ្ងៃព្រហស្បតិ៍ ទី២១ ខែសីហា ឆ្នាំ២០២៥ អ្នកឧកញ៉ា ហ៊ុន ឡាក់ អគ្គលេខាធិការ បានដឹកនាំគណៈប្រតិភូសមាគមឧកញ៉ាកម្ពុជាដែលមានសមាសភាពអ្នកឧកញ៉ា និងឧកញ៉ា ជាសមាជិកក្រុមប្រឹក្សាភិបាល និងសមាជិក នៃសមាគមឧកញ៉ាកម្ពុជាជាច្រើនរូប ចូលរួមក្នុងជំនួបពិភាក្សាជាមួយលោក គី សុខគីម នាយកប្រតិបត្តិមូលនិធិអភិវឌ្ឍន៍ជំនាញ ក្នុងគោលបំណងស្វែងយល់ពីបញ្ហាប្រឈម និងតម្រូវការនៃការផ្គត់ផ្គង់ពីសហគ្រាសធុនតូច និងមធ្យម (SMEs) សម្រាប់គាំទ្រដល់ខ្សែច្រវ៉ាក់ផលិតកម្មនៃសហគ្រាសធុនធំរបស់សមាជិក នៃសមាគមឧកញ៉ាកម្ពុជា។

ក្នុងឱកាសនោះដែរ ថ្នាក់ដឹកនាំ នៃមូលនិធិអភិវឌ្ឍន៍ជំនាញ (Skills Development Fund ឬ SDF) បានណែនាំជូនប្រតិភូសមាគមឧកញ៉ាកម្ពុជា នូវកម្មវិធីថ្មី (Queen Bee) របស់ SDF ដែលមានទិសដៅជួយដោះស្រាយបញ្ហាជាកញ្ចប់ក្នុងខ្សែច្រវ៉ាក់ផលិតកម្មទាំងមូល ជាពិសេសផ្ដល់ការគាំទ្រដល់ការលើកកម្ពស់សមត្ថភាពធនធានមនុស្សឱ្យមានជំនាញច្បាស់លាស់ដើម្បីចូលរួមគាំទ្រដល់ការពង្រីកផលិតកម្មក្នុងស្រុកឱ្យកាន់តែប្រសើរឡើង។
ជាលទ្ធផល SDF និងសមាគមឧកញ៉ាកម្ពុជា បានឯកភាពលើជំហានបន្ទាប់ ដូចខាងក្រោម៖
១) SDF និងសមាគមឧកញ៉ាកម្ពុជា នឹងសហការគ្នារៀបចំសិក្ខាសាលាផ្សព្វផ្សាយកម្មវិធីគាំទ្រនានារបស់ SDF និងជាពិសេសកម្មវិធី (Queen Bee) ដែលកំពុងរៀបចំ និងគ្រោងដាក់ដំណើរការនាពេលឆាប់ៗខាងមុខ។
២) SDF និងសមាគមឧកញ៉ាកម្ពុជា នឹងសហការគ្នា ជំរុញការគាំទ្រផលិតកម្មដោយប្រើប្រាស់វត្ថុធាតុដើមក្នុងស្រុកដើម្បីពង្រឹង និងពង្រីកខ្សែច្រវ៉ាក់ផលិតកម្មកម្ពុជាទាំងបរិមាណ និងគុណភាព។
៣) SDF និងគាំទ្រដល់ការអភិវឌ្ឍជំនាញ និងបង្កើនសមត្ថភាពធនធានមនុស្សដល់ម្ចាស់សហគ្រាសដែលជាសមាជិករបស់សមាគមឧកញ៉ាកម្ពុជាដើម្បីបង្កើនប្រសិទ្ធភាពការងារ គុណភាព និងផលិតភាព។
តាមរយៈជំនួបដ៏មានសារៈសំខាន់នេះ SDF នឹងជំរុញការផ្សារភ្ជាប់ជាមួយសមាគមឧកញ៉ាកម្ពុជា ដែលជាបណ្តុំធុរជនកំពុងប្រកបអាជីវកម្ម និងដឹកនាំទាំងសហគ្រាសធុនតូច និងមធ្យម ក៏ដូចជាក្រុមហ៊ុនធំៗ (industry leaders) តាមរយៈកម្មវិធីថ្មីដែលផ្តល់ដំណោះស្រាយជាកញ្ចប់ដើម្បីពង្រឹង និងពង្រីកខ្សែច្រវ៉ាក់ផលិតកម្មស្របតាមស្ដង់ដា និងអាចពង្រីកផលិតកម្មក្នុងស្រុកឱ្យកាន់តែប្រសើរឡើង៕






















