នារសៀលថ្ងៃចន្ទ ទី១៥ ខែកញ្ញា ឆ្នាំ២០២៥ សមាគមឧកញ៉ាកម្ពុជា បានបើកកិច្ចប្រជុំក្រុមប្រឹក្សាភិបាលពេញអង្គ លើកទី១០ អាណត្តិទី១ ត្រីមាសទី៣ ឆ្នាំ២០២៥ ក្រោមអធិបតីភាព លោកអ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានក្រុមប្រឹក្សាភិបាល និងជាប្រធានអង្គប្រជុំ ដោយមានវត្តមានចូលរួមពីសំណាក់ លោកអ្នកឧកញ៉ា អ្នកឧកញ៉ា និងឧកញ៉ា ដែលជាអនុប្រធាន និងសមាជិកក្រុមប្រឹក្សាភិបាល នៃសមាគមចំនួន ៣៩រូប។

កិច្ចប្រជុំត្រូវបានរៀបចំឡើងដើម្បីពិនិត្យ ពិភាក្សា និងអនុម័ត ទៅលើរបៀបវារៈសំខាន់ៗមួយចំនួនដូចជា៖
១. ការប្រកាសស្វាគមន៍សមាជិកក្រុមប្រឹក្សាភិបាលបំពេញបន្ថែមថ្មីដែលទើបជាប់ឆ្នោតទាំង ៨រូបរួមមាន៖ ឧកញ៉ាបណ្ឌិត លី រិទ្ធ, ឧកញ៉ាវេជ្ជបណ្ឌិត ជា សុខឃាង, អ្នកឧកញ៉ាបណ្ឌិត សំ សុខនឿន, អ្នកឧកញ៉ា សុខ សុភាព, អ្នកឧកញ៉ា ហេង បូរិន, ឧកញ៉ាបណ្ឌិត ត្រាំង លី, ឧកញ៉ា ម៉ៅ បញ្ចពណ៌ និងអ្នកឧកញ៉ា អុឹង លីហេង។ សូមបញ្ជាក់ថា សម្រាប់អាណត្តិទី១នេះ សមាគមឧកញ៉ាកម្ពុជា មានសមាជិកក្រុមប្រឹក្សាភិបាលសរុបចំនួន ៥៣រូប
២. ការពិនិត្យលើរបាយការណ៍ហិរញ្ញវត្ថុ និងស្ថិតិសមាជិកចាប់ពីខែមករា ដល់ខែសីហា ឆ្នាំ២០២៥
៣. ការពិនិត្យ និងអនុម័តទៅការប្រើប្រាស់ថវិកា របស់ “មូលនិធិពិសេស ដើម្បីកងទ័ពកម្ពុជា នៅសមរភូមិមុខ”
៤. របៀបវាៈផ្សេងៗទៀត ដើម្បីផ្តល់ធាតុចូល ក៏ដូចជាមតិយោបល់ល្អៗ ដែលជាគុណប្រយោជន៍សម្រាប់ការអនុវត្តផែនការសកម្មភាពការងារប្រចាំត្រីមាសទី៤ នៃឆ្នាំ២០២៥ ឱ្យទទួលបានលទ្ធផលល្អប្រសើរ និងប្រកបដោយប្រសិទ្ធភាព ក្នុងនោះក៏មានពិភាក្សាអំពីការបន្ធូរបន្ថយភាគទានសមាជិកភាពប្រចាំឆ្នាំ សម្រាប់ឆ្នាំ២០២៦ តទៅផងដែរ។
សូមជម្រាបថា របៀបវារៈទាំងអស់ត្រូវបានពិភាក្សា ពិនិត្យ អនុម័ត និងឯកភាពរួចរាល់ កិច្ចប្រជុំក៏ត្រូវបានបិទបញ្ចប់ក្រោមបរិយាកាសរីករាយ និងស្និទ្ធស្នាលបំផុត៕










