ថ្នាក់ដឹកនាំ និងសមាជិកនៃសមាគមឧកញ៉ាកម្ពុជា ជាច្រើនរូប នៅព្រឹកថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៥ បានអញ្ជើញចូលរួមខួបអនុស្សាវរីយ៍៧២ឆ្នាំ នៃទិវាបុណ្យឯករាជ្យជាតិ៩ វិច្ឆិកា នៅវិមានឯករាជ្យ ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា។

ព្រះរាជពិធីផ្លូវការនៃទិវាបុណ្យឯករាជ្យជាតិលើកទី៧២ នេះក៏មានការយាង និងអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ ស្ថាប័នកំពូលៗរបស់កម្ពុជា មានសមាជិកព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល ភ្ញៀវជាតិ អន្តរជាតិ មន្ត្រីទូតនានា មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ យុវជន យុវតី សិស្សានុសិស្ស និងមហាជនយ៉ាងច្រើនកុះករ។
សូមជម្រាបជូនថា ទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា បានរំលឹកឱ្យឃើញពីព្រះរាជបេសកកម្មដើម្បីជាតិមាតុភូមិ និងប្រជារាស្ត្រខ្មែរ របស់ព្រះករុណាព្រះបាទ សម្តេចព្រះនរោត្តម សីហនុ ព្រះបិតាឯករាជ្យជាតិ ព្រះបរមរតនកោដ្ឋ ដែលព្រះអង្គបានលះបង់ព្រះកាយពល និងព្រះបញ្ញាញាណយ៉ាងក្លៀវក្លាបំផុត ធ្វើការតស៊ូ ក្នុងក្របខណ្ឌនៃព្រះរាជបូជណីយកិច្ច ដើម្បីទាមទារឯករាជ្យដ៏ពិតប្រាកដនៅកម្ពុជា៕











