អ្នកឧកញ៉ា ហ៊ុន ឡាក់ ចូលរួម «វេទិកាបង្ហាញសក្តានុពលអាជីវកម្ម និងឧស្សាហកម្មគាំទ្រនៅកម្ពុជា លើកទី១»

សមាគមឧកញ៉ាកម្ពុជា

នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៥ អ្នកឧកញ៉ា ហ៊ុន ឡាក់ អគ្គលេខាធិការ នៃសមាគមឧកញ៉ាកម្ពុជា បានចូលរួម «វេទិកាបង្ហាញសក្តានុពលអាជីវកម្ម និងឧស្សាហកម្មគាំទ្រនៅកម្ពុជា លើកទី១» ក្រោមអធិបតីភាពឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដោយមានការចូលរួមពីអ្នកវិនិយោគដ៏មានសក្តានុពលមកពីសមាគមឧកញ៉ាកម្ពុជា អ្នកដឹកនាំឧស្សាហកម្ម ក្រុមហ៊ុនពហុជាតិ សហគ្រាសផលិតក្នុងស្រុកដែលមានសក្តានុពលក៏ដូចជាដៃគូអភិវឌ្ឍន៍ និងអ្នករៀបចំគោលនយោបាយប្រមាណ ២៥០នាក់។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

វេទិកានេះផ្តោតលើសារៈសំខាន់នៃការកសាងខ្សែច្រវាក់ផលិតកម្មក្នុងស្រុកឱ្យកាន់តែរឹងមាំ និងលើកកម្ពស់សមត្ថភាពសហគ្រាសធុនតូច និងមធ្យមក្នុងស្រុក ឱ្យក្លាយជាកម្លាំងជំរុញបរិវត្តកម្មឧស្សាហកម្មដោយបានពិភាក្សាលើសរសរស្តម្ភចំនួនបីគឺ៖ (១).ការកំណត់យថាប្រភេទអាជីវកម្មកំពុងលូតលាស់ និងមានសក្តានុពលខ្ពស់ (២).ការបង្កើតខ្សែច្រវាក់តភ្ជាប់រវាងការផ្គត់ផ្គង់ និងតម្រូវការទាំងក្នុងស្រុក បង្គ្រប់ការនាំចូល ជំនួសការនាំចូល និងបង្កើនការនាំចេញ និង (៣).ការពង្រឹងបរិយាកាសអំណោយផលសម្រាប់សក្តានុពលអាជីវកម្ម និងឧស្សាហកម្មគាំទ្រនៅកម្ពុជា។

សូមបញ្ជាក់ថា ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានកំណត់ផលិតផលអាទិភាពក្នុងអនុវិស័យចំនួន៧ ដែលផ្តល់ឱកាសទីផ្សារភ្លាមៗ និងភាពពាក់ព័ន្ធជាយុទ្ធសាស្រ្តសម្រាប់ការពង្រឹងខ្សែច្រវាក់តម្លៃក្នុងស្រុក និងឧស្សាហកម្មប្រតិគមន៍របស់កម្ពុជាដែលរួមមានអនុវិស័យវាយនភណ្ឌ, អាហារ និងភេសជ្ជៈ, កៅស៊ូ និងផ្លាស្ទិក, កម្មន្តសាលគីមី និងផលិតផលប្រើប្រាស់ប្រចាំថ្ងៃ, កម្មន្តសាលគ្រឿងបង្គំយានយន្ត និងអេឡិចត្រូនិច, ការវេចខ្ចប់ និងផ្លាកសញ្ញា, និងគ្រឿងសង្ហារឹម ក្នុងគោលបំណងកៀរគរការវិនិយោគក្នុងស្រុកនៅក្នុងអនុវិស័យសក្តានុពលទាំង៧, ពង្រឹងការតភ្ជាប់ខ្សែច្រវាក់ផ្គត់ផ្គង់រវាងសហគ្រាសធុនតូចនិងមធ្យមជាមួយនឹងរោងចក្រធុនធំ និងឧស្សាហកម្ម, លើកកម្ពស់សមត្ថភាព និងគុណភាពផលិតផលតាមរយៈការចាប់យកបច្ចេកវិទ្យា គ្រឿងម៉ាស៊ីន ឌីជីថលភាវូបនីយកម្ម, ជំរុញការអនុវត្តតាមស្តង់ដារជាតិ និងអន្តរជាតិដូចជា ISO, GMP និង GHP, ព្រមទាំងលើកកម្ពស់ការប្រើប្រាស់ផលិតផលក្នុងស្រុក និងពង្រីកការនាំចេញរបស់សហគ្រាសកម្ពុជា។