លោកអ្នកឧកញ៉ា លី យ៉ុងផាត់ ដឹកនាំប្រតិភូសមាគមឧកញ៉ាកម្ពុជា ចូលរួមគោរពវិញ្ញាណក្ខន្ធ អ្នកឧកញ៉ា គង់ សាង

សមាគមឧកញ៉ាកម្ពុជា

នារសៀលថ្ងៃព្រហស្បតិ៍ ទី១២ ខែកុម្ភៈ ឆ្នាំ២០២៦ លោកអ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានសមាគមឧកញ៉ាកម្ពុជា ដឹកនាំប្រតិភូសមាគមជាច្រើនរូបទៀត ចូលរួមគោរពវិញ្ញាណក្ខន្ធ អ្នកឧកញ៉ា គង់ សាង សមាជិកក្រុមប្រឹក្សាភិបាល និងជាព្រឹទ្ធាចារ្យសហស្ថាបនិក នៃសមាគមឧកញ៉ាកម្ពុជា ដែលបានទទួលអនិច្ចកម្មកាលពីថ្ងៃចន្ទ ទី៩ ខែកុម្ភៈ ឆ្នាំ២០២៦ នាវេលាម៉ោង ៨:៥៨ នាទីយប់ ក្នុងជន្មាយុ ៧៣ឆ្នាំដោយរោគាពាធ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងវេលាដ៏សោកសង្រេងនេះ លោកអ្នកឧកញ៉ាប្រធាន បាននាំយកនូវលិខិតរំលែកមរណទុក្ខ និងលិខិតរម្លឹកគុណ ព្រមទាំងថវិកាជូនលោកជំទាវ អ៊ាង ហេង ជាភរិយា និងក្រុមគ្រួសារផងដែរ។

លោកអ្នកឧកញ៉ាប្រធាន បានបញ្ជាក់ថា មរណភាពរបស់ អ្នកឧកញ៉ា គង់ សាង គឺជាការបាត់បង់នូវធនធានធុរជន, អ្នកដឹកនាំគំរូ និងជាដៃគូធុរកិច្ចដ៏សំខាន់សម្រាប់ស្ថាប័ន និងធុរជនទូទៅ ជាពិសេសគឺជាការបាត់បង់នូវឧត្តមស្វាមី ឪពុកបង្កើត ឪពុកក្មេក ជីតា ជាទីគោរពស្រឡាញ់យ៉ាងជ្រាលជ្រៅបំផុត និងពោរពេញដោយព្រហ្មវិហារធម៌​ដែល​បានលះបង់បូជាអស់នូវកម្លាំងកាយ កម្លាំងចិត្តគ្រប់សព្វបែបយ៉ាងក្នុងការបីបាច់ថែរក្សា បុត្រា បុត្រី ចៅប្រុស ចៅស្រី ឱ្យក្លាយជាពលរដ្ឋដ៏ល្អសម្រាប់សង្គមជាតិ។

សម្រាប់សមាគមឧកញ៉ាកម្ពុជា នេះគឺជាការបាត់បង់នូវ «ព្រឹទ្ធចារ្យសហស្ថាបនិក» មួយរូបដែលបានលះបង់កម្លាំង​កាយចិត្ត ចំណេះដឹង បទពិសោធ ស្មារតី និងធនធានយ៉ាងច្រើន ដោយបានចូលរួមយ៉ាងសកម្មក្នុងការបង្កើត សមាគមឧកញ៉ាកម្ពុជា និងបានបន្តចូលរួមសហការរហូតសម្រេចបានសមិទ្ធផលជាបន្តបន្ទាប់។

ស្ថិតក្នុងបរិយាកាសដ៏សែនក្រៀមក្រំជាពន់ពេកនេះ យើងខ្ញុំសូមចូលរួមរំលែកមរណទុក្ខដោយក្ដីស្រណោះ និងអាឡោះអាល័យបំផុតជាមួយក្រុមគ្រួសារនៃសព និងសូមបួងសួងដល់ដួងវិញ្ញាណក្ខន្ធរបស់ អ្នកឧកញ៉ា គង់ សាង បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕