កាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៦ កន្លងទៅថ្មីៗនេះ ឧកញ៉ា អាន ឌីណា សមាជិកសមាគមឧកញ៉ាកម្ពុជា និងជាតំណាងក្រុមហ៊ុន FSC.KH Co.,Ltd និងលោក Leandro Scalco តំណាងក្រុមហ៊ុន Modenese Gastone Interiors Srl នៃប្រទេសអុីតាលី បានចុះអនុស្សរណៈ នៃការយោគយល់គ្នា (MoU) រវាងក្រុមហ៊ុនទាំងពីរ ដោយបានប្រារព្ធឡើងនៅការិយាល័យកណ្តាលរបស់ក្រុមហ៊ុន FSC ស្ថិតលើបណ្តោយផ្លូវ២០០៤ ក្នុងរាជធានីភ្នំពេញ។

សូមបញ្ជាក់ថា ក្រុមហ៊ុន FSC.KH Co., Ltd ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ FSC Group នៃព្រះរាជាណាចក្រកម្ពុជា និងក្រុមហ៊ុន Modenese Gastone Interiors Srl បានបង្កើតក្របខណ្ឌកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រក្នុងវិស័យរចនាផ្ទៃខាងក្នុង និងគ្រឿងសង្ហារឹមបែបប្រណីតស្តង់ដារអន្តរជាតិ។
អនុស្សរណៈនេះមានគោលបំណងបង្កើតមូលដ្ឋានសហប្រតិបត្តិការរួម សម្រាប់ការអភិវឌ្ឍ និងផ្សព្វផ្សាយគម្រោងរចនាប្រណីត ដូចជាផ្ទះឯកជន វីឡា សណ្ឋាគារ អគារពាណិជ្ជកម្ម និងអគារសាធារណៈទាំងនៅក្នុងព្រះរាជាណាចក្រកម្ពុជា និងទីផ្សារអន្តរជាតិ។ កិច្ចសហការនេះ ផ្អែកលើការរួមបញ្ចូលជំនាញសិល្បៈរចនា និងបច្ចេកវិទ្យាផលិតគ្រឿងសង្ហារឹមប្រណីតតាមបែបអុីតាលីរបស់ Modenese Gastone Interiors Srl ជាមួយនឹងសមត្ថភាពអភិវឌ្ឍទីផ្សារ ការគ្រប់គ្រងគម្រោង និងបណ្តាញដៃគូអាជីវកម្មក្នុងស្រុករបស់ FSC។
លោក Leandro Scalco តំណាងក្រុមហ៊ុន Modenese Gastone Interiors srl បានមានប្រសាស៍ថា ការចុះអនុស្សរណៈនៃការយោគយល់គ្នានេះបង្ហាញពីចក្ខុវិស័យ និងការប្តេជ្ញាចិត្តរួមរបស់ភាគីទាំងពីរក្នុងការលើកកម្ពស់គុណភាព វិជ្ជាជីវៈ និងស្តង់ដារអន្តរជាតិក្នុងវិស័យសំណង់ និងរចនាផ្ទៃខាងក្នុងនៅព្រះរាជាណាចក្រកម្ពុជា ព្រមទាំងជំរុញកិច្ចសហប្រតិបត្តិការអន្តរជាតិ រវាងព្រះរាជាណាចក្រកម្ពុជា និងប្រទេសអុីតាលី ឱ្យកាន់តែរឹងមាំ មានប្រសិទ្ធភាព និងមានចីរភាព៕










