លោកអ្នកឧកញ៉ា លី យ៉ុងផាត់ ដឹកនាំគណៈប្រតិភូសមាគមឧកញ៉ាកម្ពុជា ចូលរួមពិធីបើកពិព័រណ៍រថយន្ត (Auto Show) លើកទី៣ ឆ្នាំ២០២៦ ក្រោមអធិបតីភាពឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ

សមាគមឧកញ៉ាកម្ពុជា

ភ្នំពេញ៖ លោកអ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានសមាគមឧកញ៉ាកម្ពុជា និងលោកជំទាវ អមដំណើរដោយអ្នកឧកញ៉ា ឧកញ៉ា ជាថ្នាក់ដឹកនាំ និងសមាជិក នៃសមាគមឧកញ៉ាកម្ពុជា បានចូលរួមពិធីបើកពិព័រណ៍រថយន្ត (Auto Show) លើកទី៣ ឆ្នាំ២០២៦ នៅ ដឹ ព្រេមៀ សេនធ័រ សែនសុខ ដែលប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈនាព្រឹកថ្ងៃសុក្រ ទី៦ ខែមីនា ឆ្នាំ២០២៦។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

អ្នកឧកញ៉ា សេង ញ៉ក់ សមាជិកសមាគមឧកញ៉ាកម្ពុជា និងជាអគ្គនាយក ដឹ ព្រេមៀ សេនធ័រ សែនសុខ បានថ្លែងថា ពិធីតាំងបង្ហាញពិព័រណ៍រថយន្តជាលើកទី៣នេះ មានក្រុមហ៊ុនចូលរួមច្រើនជាងលើកទី២ កាលពីឆ្នាំ២០២៥កន្លងមក ពោលគឺមានក្រុមហ៊ុនរថយន្តក៏ដូចជាដៃគូសហការផ្សេងទៀតចូលរួម ៦០ក្រុមហ៊ុនដែលជាការប្រមូលផ្ដុំក្រុមហ៊ុនផលិតរថយន្ត អ្នកលក់ និងអ្នកប្រើប្រាស់ ដើម្បីស្វែងយល់ពីបច្ចេកវិទ្យាផលិតផលថ្មី ក៏ដូចជាទីផ្សារសកលនៅកម្ពុជា ព្រមទាំងជាឱកាសទំនាក់ទំនងទៅកាន់អតិថិជនមួយវិញទៀតអ្នកប្រើប្រាស់ក៏នឹងមានឱកាសទទួលបាននូវបទពិសោធថ្មី ផលិតផលថ្មី បច្ចេកវិទ្យាថ្មី រួមជាមួយចំណេះដឹងផ្នែករថយន្តផងដែរ។

ក្នុងឱកាសនេះដែរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រុមហ៊ុន ដឹ ព្រេមៀ សេនធ័រ សែនសុខ ដែលបានផ្តួចផ្តើមរៀបចំកម្មវិធីពិព័រណ៍រថយន្តជាលើកទី៣ ដើម្បីបង្ហាញពីភាពចម្រុះ សម្បូរបែប និងការវិវឌ្ឍនៃវិស័យយានយន្តក្នុងប្រទេសកម្ពុជា។ ឯកឧត្តមបានបន្ថែមថា ចាប់តាំងពីឆ្នាំ២០២៤ ដែលជាឆ្នាំដំបូង នៃការរៀបចំព្រឹត្តិការណ៍ពិព័រណ៍នេះឡើងមកដល់ពេលនេះ យើងបានឃើញវឌ្ឍនភាពគួរឱ្យកត់សម្គាល់ពីមួយឆ្នាំទៅមួយឆ្នាំទាំងការកើនឡើងនៃចំនួនក្រុមហ៊ុនចូលរួម អ្នកចូលរួមការពង្រីករយៈពេលកម្មវិធី ពី២ថ្ងៃ ដល់៣ថ្ងៃ និងការពង្រីកទំហំទីតាំងកម្មវិធីជាដើម ដែលវឌ្ឍនភាពទាំងនេះ ជាសក្ខីភាពបញ្ជាក់យ៉ាងច្បាស់ថា វិស័យយានយន្តនៅកម្ពុជា កំពុងទទួលបានការចាប់អារម្មណ៍យ៉ាងច្រើន និងទំនុកចិត្តកាន់តែខ្លាំងពីសំណាក់អ្នកវិនិយោគ ពាណិជ្ជករ និងអ្នកប្រើប្រាស់។ 

ឯកឧត្តមបានបញ្ជាក់ថា៖ «ជាក់ស្តែង ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ យើងសង្កេតឃើញថា វិស័យយានយន្តក្នុងប្រទេសកម្ពុជាមានការរីកចម្រើនគួរឱ្យកត់សម្គាល់។ កំណើនក្នុងវិស័យយានយន្ត គឺជាលទ្ធផលនៃកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបើកចំហរសេដ្ឋកិច្ចទីផ្សារសេរី និងការបើកទូលាយសម្រាប់ការវិនិយោគនៅក្នុងប្រទេសកម្ពុជា ដើម្បីកំណើនសេដ្ឋកិច្ច បង្កើតឱកាសការងារ ព្រមទាំងឆ្លើយតបនឹងតម្រូវការប្រើប្រាស់របស់ប្រជាពលរដ្ឋខ្មែរ។» 

សូមបញ្ជាក់ថា ពិព័រណ៍រថយន្តលើកទី៣ រយៈពេល ៣ថ្ងៃដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី៦-៧-៨ ខែមីនា ឆ្នាំ២០២៦ រៀបចំដោយ ដឹ ព្រេមៀ សេនធ័រ សែនសុខ ដោយមានការគាំទ្រពីក្រសួងពាណិជ្ជកម្ម និងសមាគមឧកញ៉ាកម្ពុជា ព្រមទាំងមានការចូលរួមឧបត្ថម្ភដោយបណ្តាក្រុមហ៊ុនជាច្រើនទៀត។ ព្រឹត្តិការណ៍នេះក៏មានការលើកទឹកចិត្តដល់អតិថិជនដែលបានជាវរថយន្ត និងភ្ញៀវកិត្តិយសដែលមកចូលរួមទស្សនានៅថ្ងៃតាំងពិព័រណ៍ នឹងទទួលបានការចាប់ឆ្នោតយករង្វាន់ផ្សេងៗ អមដោយការប្រគុំតន្ត្រីពីតារាល្បីៗ ព្រមទាំងមាន Playground Kids Paradise សម្រាប់កុមារលេងកម្សាន្តទៀតផង៕