អ្នកឧកញ៉ា ហ៊ុន ឡាក់ អគ្គលេខាធិការ នៃសមាគមឧកញ៉ាកម្ពុជា ចូលរួមពិធីប្រកាសបើកជាផ្លូវការ យុទ្ធនាការទស្សនាកម្ពុជានៅរដូវកាលបៃតងឆ្នាំ២០២៦

សមាគមឧកញ៉ាកម្ពុជា

ភ្នំពេញ៖ ដោយទទួលបានគោលការណ៍អនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នារាត្រីថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោកជំទាវ អញ្ជើញជាអធិបតីក្នុងពិធីប្រកាសបើកជាផ្លូវការ «យុទ្ធនាការទស្សនា​កម្ពុជានៅរដូវកាលបៃតងឆ្នាំ២០២៦» ក្រោមបរិយាកាសដ៏អធិកអធម ស្និទ្ធស្នាលនិងសប្បាយរីករាយ ដែលភ្ញៀវទេសចរជាតិ និងអន្តរជាតិ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងឱកាសនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ អ្នកឧកញ៉ា ហ៊ុន ឡាក់ អគ្គលេខាធិការ នៃសមាគមឧកញ៉ា​កម្ពុជារួមជាមួយវត្តមានឯកឧត្តម លោកជំទាវ ឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូត តំណាងអង្គទូតបរទេសប្រចាំ​នៅកម្ពុជា, តំណាងដៃគូអភិវឌ្ឍន៍ អង្គការជាតិ និងអន្តរជាតិ, ថ្នាក់ដឹកនាំក្រសួងទេសចរណ៍ និងអន្តរក្រសួង ស្ថាប័ន, តំណាងគណៈអភិបាលរាជធានីខេត្តទាំង២៥ ព្រមទាំងបងប្អូនប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។

តាងនាមមហាគ្រួសារវិស័យទេសចរណ៍ ឯកឧត្តមរដ្ឋមន្ត្រី បានយកឱកាសដ៏ប្រពៃថ្លៃថ្លានេះ សូមគោរពដឹងគុណ និងគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុត គោពជូន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​នៃព្រះរាជាណាចក្រកម្ពុជា ដែលបានគាំទ្រគំនិតផ្តួចផ្តើមរបស់ក្រសួងទេសចរណ៍ ក្នុងការដាក់ចេញ​នូវយុទ្ធនាការ “រដូវកាលបៃតង” (Green Season) ជំនួសឱ្យពាក្យ “រដូវកាលភ្ញៀវតិច” ឬ (Low Season) ចាប់ពីខែឧសភា ដល់ខែតុលា, និងបានឯកភាពផ្តល់សន្ទុះថ្មីដល់ការបន្តអនុវត្តយុទ្ធនាការរដូវកាលបៃតង សម្រាប់ឆ្នាំ២០២៦នេះ។

ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់ថា ការបំប្លែងរដូវកាល «Green Season» មិនមែនគ្រាន់តែ​ជាការផ្លាស់ប្តូរឈ្មោះនោះទេ ប៉ុន្តែគឺជាការផ្លាស់ប្តូរផ្នត់គំនិត និងជាយុទ្ធសាស្ត្រជាតិដ៏មុតស្រួច។ ឯកឧត្តមរដ្ឋមន្ត្រី មានប្រសាសន៍បន្តថា រដូវកាលនេះ គឺជារដូវកាលដែលកម្ពុជាបញ្ចេញនូវសម្រស់ពិតប្រាកដរបស់ខ្លួន ជាមួយនឹង​ភាពស្រស់បំព្រងនៃធម្មជាតិ ពណ៌បៃតងខ្ចី និងបរិយាកាសបរិសុទ្ធ ដែលស័ក្តិសមបំផុតសម្រាប់ទេសចរណ៍​បែបធម្មជាតិ អេកូទេសចរណ៍ និងការលំហែកាយដើម្បីសុខុមាលភាព។

ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់បន្ថែមថា យុទ្ធនាការ “ទស្សនាកម្ពុជានៅរដូវកាលបៃតង” មានចក្ខុវិស័យសំខាន់ៗ ចំនួន ៣ គឺ៖

ទី១). ការបង្កើនភាពទាក់ទាញភ្ញៀវទេសចរអន្តរជាតិ

ទី២). ជំរុញចលនាទេសចរណ៍ក្នុងស្រុក

ទី៣). ពង្រាយរបាយភ្ញៀវទេសចរឱ្យបានច្រើន ជាពិសេសបំពេញបន្ថែមចរន្តទេសចរក្នុងរដូវកាលបៃតង ពីខែ​ឧសភា ដល់ខែតុលា សំដៅជំរុញកម្ពុជា ឱ្យក្លាយជាគោលដៅទទួលបានកំណើនទេសចរពេញមួយឆ្នាំ (Year Round Destination)។

ឯកឧត្តមរដ្ឋមន្ត្រី មានជំនឿយ៉ាងមុតមាំថា តាមរយៈការចូលរួមយ៉ាងសកម្មពីគ្រប់ភាគីពាក់ព័ន្ធ ទាំងស្ថាប័នរដ្ឋ វិស័យឯកជន និងប្រជាពលរដ្ឋក្រោមម្លប់នៃសុខសន្តិភាពពេញលេញ និងការចង្អុលបង្ហាញផ្លូវប្រកប​ដោយចក្ខុ​វិស័យវែងឆ្ងាយរបស់ សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី យើងពិតជានឹងរួមគ្នាប្រែក្លាយរដូវកាលនេះ ឱ្យទៅជា «រដូវកាលមាសពណ៌បៃតង» ដែលពោរពេញទៅដោយភាពរស់រវើក ស្នាមញញឹម ការបង្កើតការងារ និងការស្រូប​យកកំណើនសេដ្ឋកិច្ចយ៉ាងពិតប្រាកដ ដើម្បីឆ្ពោះទៅរកការអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជាប្រកបដោយភាពធន់ ចីរភាព និងបរិយាបន្ន៕