កាលពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦ ឧកញ៉ា គង់ នួន សមាជិក នៃសមាគមឧកញ៉ាកម្ពុជា និងជាប្រធានក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) បានចូលរួមជាអធិបតីក្នុងពិធីប្រគល់រថយន្ត Toyota Hiace 12s សម្រាប់មន្ទីរពេទ្យកុមារធំៗចំនួន ៣ រួមមាន៖ មន្ទីរពេទ្យកុមារគន្ធបុប្ផា, មន្ទីរពេទ្យកុមារអង្គរ និងមន្ទីរពេទ្យបេះដូងជប៉ុន (Japan Heart)។

លោក ខេនសុកេ ស៊ីជីយ៉ាក់ អគ្គនាយកក្រុមហ៊ុន តូយ៉ូតា បានលើកឡើងថា សកម្មភាពនេះមិនត្រឹមតែជាការផ្ដល់ជំនួយនោះទេ ប៉ុន្តែវាគឺជាការតភ្ជាប់ដង្ហើម និងអនាគតសម្រាប់កុមាររាប់ម៉ឺននាក់។ លោកបានបន្ថែមថា ក្រៅពីការគាំទ្រសម្រាប់ការថែទាំសុខភាព ក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) បានវិនិយោគយ៉ាងខ្លាំងក្នុងការចិញ្ចឹមបីបាច់ថែរក្សាសក្ដានុពលរបស់មនុស្សជំនាន់ក្រោយ។
ជាមួយគ្នានេះ Toyota ប្តេជ្ញានៅតែបន្តការឧបត្ថម្ភថវិកា ឬ មធ្យោបាយធ្វើដំណើរដល់មន្ទីរពេទ្យធំៗចំនួន ៣ ដែលគាំទ្រការព្យាបាលដោយឥតគិតថ្លៃសម្រាប់កុមារ ខណៈតម្លៃនៃជីវិតគឺសុខភាពកុមារទាំងអស់ត្រូវតែមានសុខភាពល្អ ព្រោះពួកគេត្រូវរៀនទទួលបានបទពិសោធន៍ដ៏អស្ចារ្យពីពិភពលោកនេះ។
លោកបានគូសបញ្ជាក់ថា៖ «Toyota នៅជាមួយប្រជាជនកម្ពុជា អស់រយៈពេល ៣៣ ឆ្នាំមកហើយ ដែលប្រជាជនកម្ពុជាទាំងអស់បានស្គាល់ម៉ាក Toyota ដែលជាចំណុចសំខាន់ដែលយើងត្រូវកសាងខ្លួនយើងឱ្យឡើងមួយកម្រិតទៀតជាម៉ាកយីហោជាតិ។ Toyota មិនត្រឹមតែផ្តោតលើម៉ាកយីហោជាតិប៉ុណ្ណោះទេ យើងក៏មានការប្រលងគំនូរក្នុងរថយន្តក្នុងក្តីស្រមៃ ហើយយើងនឹងឃើញកុមារទាំងអស់ពីមន្ទីរពេទ្យទាំងនេះបង្ហាញទេពកោសល្យរបស់ពួកគេដូចគ្នាទៅនឹងកុមារដទៃទៀតដែរ។»
លោកបានបន្ថែមទៀតថា៖ «កម្មវិធីមួយក្នុងចំណោមកម្មវិធីល្បីៗរបស់យើងគឺកម្មវិធី Toyota Dream Car Art Contest ដែលទើបតែប្រារព្ធខួបលើកទី១៩ របស់ខ្លួននៅក្នុងប្រទេសកម្ពុជានាពេលថ្មីៗនេះ។ លើសពីនេះ យើងមានការប្តេជ្ញាចិត្តយ៉ាងជ្រាលជ្រៅចំពោះការអភិវឌ្ឍន៍ធនធានមនុស្សក្នុងស្រុក តាមរយៈក្រុមហ៊ុន Toyota Tsusho Manufacturing Cambodia យើងសហការជាមួយស្ថាប័ន TVET ដោយ ៧៧ភាគរយនៃកម្លាំងពលកម្មរោងចក្ររបស់យើងបានមកពីសាលាបច្ចេកទេសទាំងនេះ ដើម្បីធានាថា យុវជនកម្ពុជាមានជំនាញដើម្បីជំរុញអនាគតឧស្សាហកម្មរបស់ប្រទេសជាតិ»៕












