សមាគមឧកញ៉ាកម្ពុជា នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦នេះ បានចេញសេចក្តីថ្លែងការណ៍ ក្នុងការគាំទ្រយ៉ាងពេញទំហឹងនិងគ្មានលក្ខខណ្ឌ ចំពោះគោលនយោបាយ និងវិធានការដ៏ម៉ឺងម៉ាត់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបង្ក្រាប និងលុបបំបាត់ជាដាច់ខាតនូវរាល់ទីតាំង និងបណ្តាញឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅលើទឹកដី នៃព្រះរាជាណាចក្រកម្ពុជា។

សមាគមឧកញ៉ាកម្ពុជា ក៏សូមស្វាគមន៍ និងគាំទ្រយ៉ាងពេញទំហឹង ចំពោះ “សន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា» ដែលនឹងប្រព្រឹត្តទៅនៅរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៦ ក្រោមប្រធានបទ «រួមគ្នាឆ្ពោះទៅកាត់ផ្តាច់ច្រវាក់ និងបញ្ចប់ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា» ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា គឺជាឧក្រិដ្ឋកម្មឆ្លងដែនដ៏ធ្ងន់ធ្ងរ ដែលបង្កគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋ បំផ្លាញបរិយាកាសធុរកិច្ចស្របច្បាប់ ព្រមទាំងប៉ះពាល់ដល់ទំនុកចិត្តវិនិយោគិននិងកិត្តិនាមជាតិ។ សមាគមឧកញ៉ាកម្ពុជា សូមប្រកាសជំហរ «មិនអធ្យាស្រ័យ» (Zero Tolerance) ចំពោះឧក្រិដ្ឋកម្មប្រភេទនេះ ដោយគ្មានករណីលើកលែងឡើយ។
សមាគមឧកញ៉ាកម្ពុជា សូមជូនពរឱ្យសន្និសីទអន្តរជាតិនេះ ប្រព្រឹត្តទៅប្រកបដោយជោគជ័យបំផុត និងសូមបញ្ជាក់ជាថ្មីនូវការត្រៀមខ្លួនរួចជាស្រេច ក្នុងការចាប់ដៃគ្នាជាមួយរាជរដ្ឋាភិបាលកម្ពុជា អាជ្ញាធរអនុវត្តច្បាប់ និងដៃគូអន្តរជាតិ ដើម្បីការពារប្រជាពលរដ្ឋ ការពារកិត្តិនាមជាតិ និងកសាងអនាគតឌីជីថលដ៏ស្អាតស្អំ សម្រាប់ប្រទេសកម្ពុជា។





