ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ឧស្សាហកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាមិនបានចាប់ផ្តើមនៅកម្ពុជាទេ។ ហើយវាក៏មិនត្រូវបានកំណត់ត្រឹមតែកម្ពុជាដែរ។ នេះបើយោងតាមប្រសាន៍របស់សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងក្នុងឱកាសអញ្ជើញបើកសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដែលជាសន្និសីទកម្រិតអន្តរជាតិមួយនេះធ្វើឡើងរយៈពេលពីរថ្ងៃ ចាប់ផ្តើមនៅថ្ងៃទី២៣ ហើយបិទបញ្ចប់នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៦។

សន្និសីទនេះធ្វើឡើងក្រោមប្រធានបទ «រួមគ្នាឆ្ពោះទៅកាត់ផ្តាច់ច្រវាក់ និងបញ្ចប់ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាស្កែមអនឡាញ» ដែលឆ្លុះបញ្ចាំងឱ្យឃើញនូវការប្តេជ្ញាចិត្តខ្ពស់របស់ពិភពលោក ក្នុងការបោសសំអាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។
នាឱកាសនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ឧស្សាហកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាមិនបានចាប់ផ្តើមនៅកម្ពុជាទេ។ ហើយវាក៏មិនត្រូវបានកំណត់ត្រឹមតែកម្ពុជាដែរ។ ការប៉ះពាល់ដំបូងរបស់កម្ពុជាត្រូវបានផ្សារភ្ជាប់ទៅនឹងការរីកលូតលាស់នៃការលេងល្បែងអនឡាញ និងអាជីវកម្មដែលទាក់ទងនឹងកាស៊ីណូ។ លើសពីនេះ បណ្តាញឧក្រិដ្ឋកម្មបានបន្តវិវឌ្ឍ និងសម្របខ្លួនយ៉ាងឆាប់រហ័សឆ្លងកាត់ព្រំដែន។ បណ្តាញឧក្រិដ្ឋជនឆ្លងដែនបានកេងប្រវ័ញ្ចអចលនទ្រព្យ ចន្លោះប្រហោងនៃបទប្បញ្ញត្តិ និងបណ្តាញទូរគមនាគមន៍ឆ្លងដែនដ៏ស្មុគស្មាញ ដើម្បីបង្កើតប្រព័ន្ធអេកូឡូស៊ីនៃការឆបោកឆ្លងដែន។

ជាមួយគ្នានេះ សម្តេចធិបតីបន្តថា ពីប្រទេសដែលបានប្រយុទ្ធប្រឆាំង និងបង្ក្រាបដ៏ខ្លាំងក្លាលើជម្រកបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ឬហៅស្កេម ដែលជាបញ្ហាស្មុគស្មាញមួយរបស់ពិភពលោកនោះ កម្ពុជាទទួលបានសេចក្តីទុកចិត្តផ្តល់តួនាទីឱ្យធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។
ជាថ្មីម្តងទៀត សម្តេចធិបតី បានប្រកាសថា កម្ពុជាបានអនុម័តច្បាប់ស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធអនឡាញក្នុងខែមេសា ឆ្នាំ២០២៦ ដើម្បីបិទចន្លោះប្រហោងផ្នែកច្បាប់របស់យើង។ វិធានការដាច់ខាតទាំងនេះបានអនុញ្ញាតឱ្យយើងអនុវត្តយុទ្ធនាការដែលមានលក្ខណៈឯកភាព ដែលមានការចូលរួមគ្រប់ស្ថាប័នរបស់រដ្ឋាភិបាល និងគ្រប់ផ្នែកនៃសង្គមទាំងមូល ក្នុងគោលបំណងកម្ចាត់បណ្តាញទាំងនេះឱ្យអស់៕ អត្ថបទ៖ហ្សាលីន

