លោកអ្នកឧកញ៉ា លី យ៉ុងផាត់ ដឹកនាំគណៈប្រតិភូសមាគមឧកញ៉ាកម្ពុជា អញ្ជើញដាក់ក្រពុំបិណ្ឌផ្កាឈូកគោរពរដ្ឋធម្មនុញ្ញ ក្នុងឱកាសខួបលើកទី៣៣ ទិវាប្រកាសរដ្ឋធម្មនុញ្ញ

សមាគមឧកញ៉ាកម្ពុជា

ភ្នំពេញ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៤ ខែកញ្ញា ឆ្នាំ២០២៦ លោកអ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានសមាគមឧកញ៉ាកម្ពុជា បានដឹកនាំគណៈប្រតិភូសមាគម ដែលមានសមាសភាពលោកអ្នកឧកញ៉ា អ្នកឧកញ៉ា និងឧកញ៉ាជាច្រើនរូប អញ្ជើញដាក់ក្រពុំបិណ្ឌផ្កាឈូកគោរពរដ្ឋធម្មនុញ្ញ ក្នុងឱកាសខួបលើកទី៣៣ ទិវាប្រកាសរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា (២៤ កញ្ញា ១៩៩៣ – ២៤ កញ្ញា ២០២៦) នៅនីតិបូជនីយដ្ឋានវិមានរដ្ឋធម្មនុញ្ញ ស្ថិតនៅសួនច្បារខាងលិចវិមានឯករាជ្យ រាជធានីភ្នំពេញ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងរយៈពេលជាង៣ទសវត្សរ៍នៃការអនុវត្តរដ្ឋធម្មនុញ្ញ ក្រោមម្លប់នៃសុខសន្តិភាព ស្ថិរភាព និងឯកភាពជាតិ ព្រះរាជាណាចក្រកម្ពុជា បានសម្រេចនូវសមិទ្ធផលសំខាន់ៗលើគ្រប់វិស័យ ជាពិសេសក្នុងការការពារ «ជាតិ សាសនា ព្រះមហាក្សត្រ» ការពង្រឹងឯករាជ្យ អធិបតេយ្យជាតិ និងបូរណភាពទឹកដី ព្រមទាំងការថែរក្សា និងលើកតម្កើងអរិយធម៌ និងមរតកវប្បធម៌ជាតិដ៏រុងរឿង។

ទន្ទឹមនឹងនេះ រដ្ឋធម្មនុញ្ញបានដើរតួនាទីជាគ្រឹះច្បាប់កំពូល ក្នុងការធានានូវរបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ លទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ការគោរពសិទ្ធិ និងសេរីភាពជាមូលដ្ឋានរបស់ប្រជាពលរដ្ឋ ការពង្រឹងនីតិរដ្ឋ ព្រមទាំងការរក្សាស្ថិរភាពសង្គម ដែលជាមូលដ្ឋានដ៏សំខាន់សម្រាប់ការអភិវឌ្ឍប្រទេសជាតិប្រកបដោយចីរភាព។

ការចូលរួមគោរពរដ្ឋធម្មនុញ្ញរបស់សមាគមឧកញ៉ាកម្ពុជា ក្នុងឱកាសដ៏មានអត្ថន័យនេះ មិនត្រឹមតែជាការចូលរួមរំលឹកខួបនៃការប្រកាសរដ្ឋធម្មនុញ្ញប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងឆ្លុះបញ្ចាំងពីស្មារតីគោរពច្បាប់ ការលើកតម្កើងតម្លៃនៃនីតិរដ្ឋ និងការប្តេជ្ញាចិត្តក្នុងការចូលរួមថែរក្សាសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍរបស់ព្រះរាជាណាចក្រកម្ពុជា។

ក្នុងនាមជាតំណាងវិស័យឯកជន សមាគមឧកញ៉ាកម្ពុជា បន្តលើកកម្ពស់ការគោរពរដ្ឋធម្មនុញ្ញ និងច្បាប់ជាធរមាន ព្រមទាំងរួមចំណែកជាមួយរាជរដ្ឋាភិបាល និងស្ថាប័នជាតិពាក់ព័ន្ធ ក្នុងការកសាងសង្គមដែលមាននីតិរដ្ឋ ស្ថិរភាព និងបរិយាកាសអំណោយផលសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច និងធុរកិច្ចប្រកបដោយចីរភាព។