ចេញជាផ្លូវការហើយ! ធនាគារជាតិនៃកម្ពុជា បង្ហាញរូបរាង និងលក្ខណៈសម្គាល់ក្រដាសប្រាក់គំរូថ្មី ៥០,០០០ រៀល និង ១០០,០០០ រៀល

សង្គម​ និង​សេដ្ឋកិច្ច

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានចុះហត្ថលេខាលើអនុក្រឹត្យលេខ ២០៥ អនក្រ.បក និងលេខ ២០៦ អនក្រ.បក ចុះថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៦ ដោយអនុញ្ញាតឱ្យធនាគារជាតិនៃកម្ពុជា ចេញផ្សាយ ធ្វើចរាចរ និងប្រើប្រាស់នូវធនប័ត្រគំរូថ្មីចំនួនពីរប្រភេទ រួមមានប្រភេទ ៥០,០០០ (ប្រាំម៉ឺន) រៀល និង ១០០,០០០ (មួយសែន) រៀល ក្នុងទូទាំងព្រះរាជាណាចក្រកម្ពុជា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការដាក់ឱ្យប្រើប្រាស់ធនប័ត្រគំរូថ្មីទាំងពីរប្រភេទនេះ ត្រូវបានអនុវត្តទន្ទឹមគ្នានឹងបណ្តាប្រភេទប្រាក់ដែលត្រូវបានចេញផ្សាយរួចហើយកន្លងមក ដែលមានន័យថារាល់ក្រដាសប្រាក់គំរូចាស់ៗដែលកំពុងចរាចរលើទីផ្សារនាពេលបច្ចុប្បន្ន នៅតែរក្សាតម្លៃ និងមានសុពលភាពចាយវាយស្របច្បាប់ជាធម្មតា។

ផ្អែកតាមសេចក្តីប្រកាសរបស់ធនាគារជាតិនៃកម្ពុជា ដែលចុះហត្ថលេខាដោយលោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិ បានបញ្ជាក់ថា ធនប័ត្រប្រភេទ ៥០,០០០ រៀល គំរូថ្មី មានទំហំបណ្តោយ ១៥៥ មីលីម៉ែត្រ និងទទឹង ៧២ មីលីម៉ែត្រ ដោយមានពណ៌ចម្បងគឺពណ៌ស្លាទុំ និងពណ៌ត្នោត។

នៅលើផ្ទៃខាងមុខ ផ្នែកកណ្តាលខាងស្តាំត្រូវបានរំលេចឡើងនូវព្រះឆាយាល័ក្ខណ៍មើលពីមុខបញ្ឆិតចំហៀងខាងឆ្វេងនៃព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ អមដោយលេខ «៥០០០០» នៅផ្នែកខាងឆ្វេង ហត្ថលេខារបស់ទេសាភិបាល និងអគ្គបេឡា រូបជើងពានទ្រព្រះខ័នព័ទ្ធដោយកម្រងផ្កា និងក្បាច់ភ្ញីទេស ព្រមទាំងមានលេខ-មាលាទឹកថ្នាំខ្មៅ រូបចម្លាក់នាគក្បាល៧ តាមគំរូថ្មនៅប្រាសាទបាលិលេយ្យ និងខ្សែសុវត្ថិភាពទំហំ ១,២ មីលីម៉ែត្រ កាត់ទទឹងក្រដាសប្រាក់ពីលើដល់ក្រោម។

បន្ថែមពីនេះ នៅផ្នែកខាងឆ្វេងនៃផ្ទៃមុខ ក៏មានលេខ «50000» ព្រាលៗបោះពុម្ពបញ្ឈរ និមិត្តសញ្ញាពិសេសសម្រាប់ជនពិការភ្នែក និងបន្ទះ Hologram ទំហំ ១០ មីលីម៉ែត្រ ប្រកបដោយបច្ចេកវិទ្យាទំនើប។ រីឯផ្ទៃខាងខ្នងវិញ ផ្នែកកណ្តាលបង្ហាញពីរូបភាពប្រាសាទបាគងនៃក្រុមប្រាសាទរលួស ក្នុងខេត្តសៀមរាប ផ្នែកខាងស្តាំមានរូបភាពកូនដំរីតាមគំរូចម្លាក់ថ្មនៅប្រាសាទកោះកេរ ខេត្តព្រះវិហារ និងផ្នែកខាងឆ្វេងមានអក្សរ «ធនាគារជាតិនៃកម្ពុជា» ព្រមទាំងអក្សរឡាតាំង «NATIONAL BANK OF CAMBODIA» ចម្លាក់នាគមួយគូ និងលេខឆ្នាំ «2026» នៅផ្នែកខាងក្រោម។

ដោយឡែក ចំពោះធនប័ត្រប្រភេទ ១០០,០០០ រៀល គំរូថ្មីវិញ ត្រូវបានរចនាឡើងដោយមានទំហំបណ្តោយ ១៧០ មីលីម៉ែត្រ និងទទឹង ៧៥ មីលីម៉ែត្រ ព្រមទាំងមានពណ៌ចម្បងគឺពណ៌បៃតង និងពណ៌ប្រផេះ។ នៅផ្ទៃខាងមុខ ផ្នែកកណ្តាលខាងស្តាំរំលេចនូវព្រះឆាយាល័ក្ខណ៍នៃព្រះករុណា ព្រះបរមរតនកោដ្ឋ និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ដោយមានលេខ «១០០០០០» ហត្ថលេខាថ្នាក់ដឹកនាំធនាគារជាតិ រូបព្រះសង្ហារនៃព្រះរាជាណាចក្រកម្ពុជា រូបចម្លាក់នាគក្បាល៩ អក្សរ «មួយសែនរៀល» ព្រមទាំងបន្ទះ Hologram ទំហំ ១០ មីលីម៉ែត្រ និងនិមិត្តសញ្ញាសម្រាប់ជនពិការភ្នែកដូចគ្នាផងដែរ។

ចំណែកឯផ្ទៃខាងខ្នង ផ្នែកកណ្តាលបានរំលេចនូវព្រះឆាយាល័ក្ខណ៍រួមគ្នានៃអង្គក្សត្រទាំងបីព្រះអង្គ គឺព្រះករុណា ព្រះបរមរតនកោដ្ឋ សម្តេចព្រះវររាជមាតាជាតិខ្មែរ និងព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា អមដោយរូបភាពស្តេចគ្រុឌឈរសម្ដែងឫទ្ធិ តាមគំរូថ្មនៅប្រាសាទព្រះខ័ន ខេត្តសៀមរាប នៅផ្នែកខាងស្តាំ និងមានឈ្មោះស្ថាប័នជាភាសាខ្មែរ-អង់គ្លេស រួមជាមួយលេខឆ្នាំ «2026» នៅផ្នែកខាងឆ្វេង។

ធនាគារជាតិនៃកម្ពុជា បានបញ្ជាក់ថា ការចេញផ្សាយធនប័ត្រគំរូថ្មីនេះ គឺដើម្បីលើកកម្ពស់គុណភាព និងសុវត្ថិភាពរូបិយវត្ថុជាតិ ព្រមទាំងបានអំពាវនាវដល់សាធារណជនទាំងអស់ ឱ្យយកចិត្តទុកដាក់ពិនិត្យ និងសម្គាល់នូវលក្ខណៈសម្គាល់ផ្លូវការទាំងនេះឱ្យបានច្បាស់លាស់ ដើម្បីធានានូវភាពត្រឹមត្រូវ និងជៀសវាងការភាន់ច្រឡំផ្សេងៗក្នុងការទូទាត់សាច់ប្រាក់ប្រចាំថ្ងៃ៕