អ្នកឧកញ៉ា ធា គ្រេកអេង សមាជិកសមាគមឧកញ៉ាកម្ពុជា ទទួលបានការបំពាក់គ្រឿង​ឥស្សរិយយស​ «ជាតូបការ»

សមាគមឧកញ៉ាកម្ពុជា

អ្នកឧកញ៉ា ធា គ្រេកអេង សមាជិក នៃសមាគមឧកញ៉ាកម្ពុជា និងជាអគ្គនាយិកាក្រុមហ៊ុន តាយ ធា កសិកម្ម ឯ.ក (Tay Thea Kasekam Co., Ltd) ត្រូវបានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ផ្តល់កិត្តិយសដ៏ខ្ពង់ខ្ពស់បំផុត បំពាក់គ្រឿងឥស្សរិយយស «មេដាយជាតូបការ» ជូន នាថ្ងៃអង្គារ ទី៣ ខែវិច្ឆិកា ឆ្នាំ២០២៦។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ពិធីបំពាក់គ្រឿងឥស្សរិយយសនេះ បានប្រព្រឹត្តទៅក្នុងឱកាសដែល សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់បំផុត ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវអគារសិក្សាថ្មីចំនួន ៥ខ្នង សរុប ៥៥បន្ទប់ ក្រោមគម្រោង «ទាំងអស់គ្នាដើម្បីការអប់រំ» របស់សមាគមឧកញ៉ាកម្ពុជា នៅវិទ្យាល័យ ទ្រៀល ស្រុកតាំងគោក ខេត្តកំពង់ធំ។

ការបំពាក់គ្រឿងឥស្សរិយយសនាពេលនេះ គឺជាការទទួលស្គាល់ និងលើកទឹកចិត្តចំពោះលោកជំទាវអ្នកឧកញ៉ា ដែលបានចូលរួម​ចំណែកដ៏មានតម្លៃ និងសប្បុរសជន ក្នុងសកម្មភាពសង្គម មនុស្សធម៌ និងការអភិវឌ្ឍវិស័យអប់រំ ជាមួយសមាគម​ឧកញ៉ាកម្ពុជា ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការកសាង និងអភិវឌ្ឍសង្គមជាតិ។

សូមជម្រាបថា អ្នកឧកញ៉ា ធា គ្រេកអេង ជានិច្ចកាលតែងចូលរួមបរិច្ចាគនូវថវិកា និងធនធានផ្ទាល់ខ្លួន ជួយគាំទ្រដល់សកម្មភាព​រាជរដ្ឋាភិបាល និងការងារសប្បុរសធម៌ផ្សេងៗ។ លោកជំទាវឧកញ៉ា ត្រូវបាន​ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ចេញ​ព្រះរាជក្រឹត្យប្រោសព្រះរាជទានគ្រឿងឥស្សរិយយស «ជាតូបការ» កាលថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៦៕