លោកអ្នកឧកញ៉ា លី យ៉ុងផាត់ ចូលរួមជាភ្ញៀវកិត្តិយសក្នុងពិធីសំណេះសំណាល​ជាមួយមហាគ្រួសារ​សហគ្រាសធុនតូច មធ្យម និងសិប្បកម្មកម្ពុជា

សមាគមឧកញ៉ាកម្ពុជា

នាព្រឹកថ្ងៃសៅរ៍ ទី២៧ ខែមិថុនា ឆ្នាំ២០២៦ លោកអ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានសមាគមឧកញ៉ាកម្ពុជា បានចូលរួមជាភ្ញៀវកិត្តិយស ក្នុងពិធីសំណេះសំណាលជាមួយមហាគ្រួសារសហគ្រាសធុនតូច មធ្យម និងសិប្បកម្ម​កម្ពុជា ក្នុងឱកាស «ទិវាជាតិសហគ្រាសធុនមីក្រូ តូច និងមធ្យម» ដែលបានប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់​ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ទិវាជាតិសហគ្រាសធុនមីក្រូ តូច និងមធ្យមកម្ពុជា ត្រូវបានរាជរដ្ឋាភិបាលប្រកាសកំណត់យកថ្ងៃទី២៧ ខែមិថុនា ដើម្បីប្រារព្ធធ្វើជារៀងរាល់ឆ្នាំដើម្បីផ្សារភ្ជាប់ទំនាក់ទំនង និងបើកចំហរវាងរាជរដ្ឋាភិបាលជាមួយវិស័យឯកជន ជាពិសេសផ្នែកសហគ្រាសធុនមីក្រូ តូច និងមធ្យម (MSMEs) នៅទូទាំងប្រទេស។

ការសម្រេចឱ្យមានការប្រារព្វទិវាជាតិសហគ្រាសធុនមីក្រូ តូច និងមធ្យម គឺជាសក្ខីភាពនៃការយកចិត្តទុកដាក់​របស់រាជរដ្ឋាភិបាលចំពោះវិស័យឯកជននិយាយជារួម និងសម្រាប់សហគ្រាសមីក្រូ ធុនតូច និងមធ្យម និងសិប្បកម្ម​កម្ពុជានិយាយដោយឡែក។

ការកំណត់រៀបចំទិវាជាតិសហគ្រាសធុនមីក្រូ តូច និងមធ្យម គឺជាវេទិការាជរដ្ឋាភិបាល និង MSME ដើម្បីពិភាក្សា​ស្វែងយល់ពីបញ្ហាប្រឈម និងដាក់ចេញនូវវិធានការគោលនយោបាយ និងការលើកទឹកចិត្ត កាន់តែមានលក្ខណៈ​ប្រាកដនិយម, រឹតចំណងសាមគ្គីភាព មិត្តភាព និងកិច្ចសហការរវាងម្ចាស់សហគ្រាស និងក្រសួង/ស្ថាប័ន គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ដៃគូអភិវឌ្ឍ សមាគមវិស័យឯកជន ផ្តល់តម្លៃ និងលើកទឹកចិត្តដល់ម្ចាស់សហគ្រាសធុនមីក្រូ តូច មធ្យម និងសិប្បកម្ម និងតាំងបង្ហាញផលិតផលជាតិ។

រាជរដ្ឋាភិបាលកម្ពុជា បានចាត់ទុក MSMEs ជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចជាតិ និងជាកម្លាំងចលករដ៏សំខាន់​ក្នុងការ​បង្កើតការងារ ជំរុញនវានុវត្តន៍ និងលើកកម្ពស់ភាពធន់នៃសេដ្ឋកិច្ច។

ដើម្បីគាំទ្រដល់វិស័យ​នេះ រាជរដ្ឋាភិបាលបានដាក់ចេញនូវវិធានការ និងគោលនយោបាយជាច្រើន ជាក់ស្តែង​នៅក្នុងយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ដែលផ្ដោតលើ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា គឺជាគ្រឹះ​ដើម្បីបង្កើតភាពប្រកួតប្រជែងរបស់វិស័យឯកជន។

ជាមួយគ្នានេះ ក៏មានយុទ្ធសាស្ត្រអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ២០២៣-២០២៨ កម្មវិធីជំរុញសហគ្រាសធុនមីក្រូ តូច និងមធ្យម ការគាំទ្រហិរញ្ញប្បទានតាមរយៈធនាគារ សហគ្រាសធុនតូចនិងមធ្យម, ធនាគារអភិវឌ្ឍន៍​ជនបទ​និងកសិកម្ម, សាជីវកម្មធានាឥណទានកម្ពុជា និងមូលនិធិ អភិវឌ្ឍន៍ជំនាញ ព្រមទាំងការជំរុញការធ្វើ​ឌីជីថលូប​នីយកម្ម ការបង្កើតប្រព័ន្ធអេកូឡូស៊ីសម្រាប់សហគ្រាស ធុនមីក្រូ តូច និងមធ្យម តាំងពីការផលិតរហូតដល់ទីផ្សារ។