នាព្រឹកថ្ងៃពុធ ទី៣ ខែធ្នូ ឆ្នាំ២០២៥ អ្នកឧកញ៉ា គួន ធីតា អនុប្រធានសមាគមឧកញ៉ាកម្ពុជា បានចូលរួមក្នុងពិធីសម្ពោធ «មជ្ឈមណ្ឌលអភិវឌ្ឍន៍សេដ្ឋកិច្ច និងសហគ្រិនភាពស្រ្ដី (ម.ស.ស.ស.)» ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ដែលមានទីតាំងស្ថិតនៅសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ក្នុងឱកាសនេះដែរ លោកជំទាវបណ្ឌិតបានមានប្រសាសន៍សង្កត់ធ្ងន់ថា៖ «ស្ត្រីគឺជាកម្លាំងចលករដ៏សំខាន់ក្នុងការរួមចំណែកលើកកម្ពស់កិច្ចអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមជាតិឱ្យកាន់តែមានភាពធន់ និងកាន់តែប្រសើរឡើង»។ លោកជំទាវបានបន្ថែមថា ការលេចចេញជារូបរាងនៃមជ្ឈមណ្ឌលថ្មីនេះ គឺជាសក្ខីភាពបញ្ជាក់ពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជាចំពោះការអភិវឌ្ឍសមត្ថភាពស្ត្រី។

សូមបញ្ជាក់ថា មជ្ឈមណ្ឌលនេះបានបង្កើតឡើងក្នុងគោលបំណងអភិវឌ្ឍសហគ្រិនភាព និងបង្កើនការចូលរួមរបស់ស្ត្រីក្នុងវិស័យសេដ្ឋកិច្ចដោយផ្តោតលើមុខងារសំខាន់ៗចំនួន ៤ រួមមាន៖ ១. ការអភិវឌ្ឍសមត្ថភាពផ្នែកសេដ្ឋកិច្ចរបស់ស្ត្រី, ២. កម្មវិធីគាំទ្រការចាប់ផ្តើម និងអភិវឌ្ឍសហគ្រិនភាពស្ត្រី, ៣. ការលើកកម្ពស់ការស្រាវជ្រាវ និងនវានុវត្តន៍, ៤. ការពង្រីកបណ្តាញ និងតភ្ជាប់ទីផ្សារផលិតផល/សេវាកម្មទាំងក្នុងស្រុក តំបន់ និងសកលលោក។
សម្រាប់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ ក្រោមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ បានបន្តកំណត់យកការលើកកម្ពស់សមភាពយេនឌ័រ និងការបង្កើនភាពអង់អាចដល់ស្ត្រីជាអាទិភាពដោយចាត់ទុកថា «ស្ត្រី គឺជាឆ្អឹងខ្នងនៃសេដ្ឋកិច្ច និងសង្គមជាតិ»៕












