សមាគមឧកញ៉ាកម្ពុជា ចូលរួមកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារត្រៀមរៀបចំព្រឹត្តិការណ៍បុណ្យសមុទ្រលើកទី១២ ជុំទី៤ ឆ្នាំ២០២៦

សមាគមឧកញ៉ាកម្ពុជា

ខេត្តព្រះសីហនុ៖ នាព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៦ ដោយអនុវត្តតាមការណែនាំរបស់ លោកអ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានសមាគមឧកញ៉ាកម្ពុជា អ្នកឧកញ៉ាបណ្ឌិត វិញ ហ៊ួរ អនុប្រធានសមាគមទទួលបន្ទុកប្រចាំខែវិច្ឆិកា បានចាត់តាំង អ្នកឧកញ៉ា ទុយ គី សមាជិកក្រុមប្រឹក្សាភិបាល នៃសមាគមឧកញ៉ាកម្ពុជា ចូលរួមកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារត្រៀមរៀបចំព្រឹត្តិការណ៍បុណ្យសមុទ្រលើកទី១២ ជុំទី៤ ឆ្នាំ២០២៦ ក្រោមការដឹកនាំរបស់ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មការអន្តរក្រសួងរៀបចំព្រឹត្តិការណ៍បុណ្យសមុទ្រ និងឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ព្រឹត្តិការណ៍បុណ្យសមុទ្រលើកទី១២ ជុំទី៤ ឆ្នាំ២០២៦ ក្រោមប្រធានបទ «គុណតម្លៃសមុទ្រ៖ សេដ្ឋកិច្ចខៀវផ្សារភ្ជាប់ចីរភាពជីវចម្រុះតំបន់ឆ្នេរសមុទ្រ» គ្រោងនឹងប្រារព្ធពិធីបើកជាផ្លូវការនៅល្ងាចថ្ងៃសុក្រ ទី១៨ ខែធ្នូ ឆ្នាំ២០២៦ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត។

ក្នុងកិច្ចប្រជុំ ភាគីពាក់ព័ន្ធបានពិនិត្យវឌ្ឍនភាព និងពិភាក្សាលើការងារសំខាន់ៗ ដើម្បីធានាឱ្យការរៀបចំព្រឹត្តិការណ៍ប្រព្រឹត្តទៅប្រកបដោយប្រសិទ្ធភាព សណ្តាប់ធ្នាប់ សុវត្ថិភាព និងភាពទាក់ទាញ។ កិច្ចពិភាក្សាបានផ្តោតជាពិសេសលើការរៀបចំទីតាំងព្រឹត្តិការណ៍ ការគ្រប់គ្រងពិព័រណ៍ ការតាំងបង្ហាញ និងលក់ផលិតផល និងទំនិញប្រភេទផ្សេងៗ ព្រមទាំងការរៀបចំវិធានការចាំបាច់នានា ដើម្បីបង្កើនភាពងាយស្រួល និងទំនុកចិត្តជូនភ្ញៀវទេសចរជាតិ និងអន្តរជាតិ។

ការចូលរួមរបស់សមាគមឧកញ៉ាកម្ពុជា ក្នុងនាមជាសមាជិកនៃគណៈកម្មការអន្តរក្រសួងរៀបចំព្រឹត្តិការណ៍បុណ្យសមុទ្រ បានឆ្លុះបញ្ចាំងពីការចូលរួមយ៉ាងសកម្មរបស់វិស័យឯកជន ក្នុងការគាំទ្រដល់រាជរដ្ឋាភិបាល និងអាជ្ញាធរមូលដ្ឋាន ក្នុងការលើកកម្ពស់គុណភាពព្រឹត្តិការណ៍ទេសចរណ៍ជាតិ និងផ្សព្វផ្សាយសក្តានុពលតំបន់ឆ្នេរសមុទ្រកម្ពុជា។

សម្រាប់សមាគមឧកញ៉ាកម្ពុជា ព្រឹត្តិការណ៍បុណ្យសមុទ្រ មិនត្រឹមតែជាព្រឹត្តិការណ៍ទេសចរណ៍ និងវប្បធម៌ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាវេទិកាដ៏មានសារៈសំខាន់សម្រាប់ការផ្សព្វផ្សាយផលិតផល និងសេវាកម្មក្នុងស្រុក ការតភ្ជាប់ធុរកិច្ច ការទាក់ទាញវិនិយោគ និងការបង្កើតកាលានុវត្តភាពសេដ្ឋកិច្ចថ្មីៗសម្រាប់តំបន់ឆ្នេរសមុទ្រកម្ពុជា។

ទន្ទឹមនឹងនេះ សមាគមឧកញ៉ាកម្ពុជា នឹងបន្តចូលរួមជំរុញការតភ្ជាប់រវាងវិស័យទេសចរណ៍ ធុរកិច្ច និងការវិនិយោគ ដើម្បីរួមចំណែកទាក់ទាញភ្ញៀវទេសចរ វិនិយោគិន និងដៃគូធុរកិច្ច ព្រមទាំងលើកកម្ពស់ការយល់ដឹងអំពីការអភិរក្សធនធានសមុទ្រ ការអភិវឌ្ឍសេដ្ឋកិច្ចខៀវ និងការថែរក្សាជីវចម្រុះតំបន់ឆ្នេរសមុទ្រកម្ពុជា ប្រកបដោយចីរភាព។

តាមរយៈការចូលរួមនេះ សមាគមឧកញ៉ាកម្ពុជា បន្តបង្ហាញពីតួនាទីរបស់វិស័យឯកជនក្នុងការរួមចំណែកជាមួយរាជរដ្ឋាភិបាល ដើម្បីប្រែក្លាយសក្តានុពលទេសចរណ៍ និងធនធានសមុទ្ររបស់កម្ពុជា ទៅជាកម្លាំងចលករសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច ការបង្កើតការងារ ការពង្រីកឱកាសធុរកិច្ច និងការអភិវឌ្ឍតំបន់ឆ្នេរសមុទ្រឱ្យកាន់តែមានភាពប្រកួតប្រជែង និងចីរភាព៕