ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប របស់អ្នកឧកញ៉ា គិត ម៉េង បើកក្រុមហ៊ុនបុត្រសម្ព័ន្ធ នៅទីក្រុងប៉េកាំង ប្រទេសចិន

ជុំវិញ​ឧកញ៉ា

ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប របស់អ្នកឧកញ៉ា គិត ម៉េង នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៦ បានចុះបញ្ជីជាផ្លូវការ​នូវក្រុមហ៊ុនបុត្រសម្ព័ន្ធ ដែលការគ្រប់គ្រងទាំងស្រុងរបស់ខ្លួន គឺក្រុមហ៊ុន Royal Group (Beijing) International Co., Ltd. មានអាសយដ្ឋាននៅ អគារលេខ ១៧០ ផ្លូវ Beiyuan ស្រុក Chaoyang ទីក្រុងប៉េកាំង នៃសាធារណរដ្ឋ​ប្រជាមានិតចិន ដោយផ្តោតការយកចិត្តទុកដាក់លើវិស័យថាមពល។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្រុមហ៊ុន RG Beijing ដែលជាច្រកតំណាងតែមួយគត់របស់ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប នៅក្នុងប្រទេសចិន គឺជាគំនិតផ្តួចផ្តើមយុទ្ធសាស្ត្រដ៏សំខាន់មួយ របស់ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ដើម្បីបង្កើនប្រសិទ្ធភាពនៃការបែងចែក​ធនធាន​ឆ្លងដែន និងពង្រឹងកិច្ចសហប្រតិបត្តិការឧស្សាហកម្មកម្ពុជា-ចិន ព្រមទាំងជាជំហានជាក់ស្តែងក្នុងការជំរុញ​ចំណងមិត្តភាព ដែកថែបរវាងប្រទេសទាំងពីរ និងលើកកម្ពស់កិច្ចសហប្រតិបត្តិការក្រោមក្របខ័ណ្ឌ «កិច្ចសហ​ប្រតិបត្តិការត្បូងពេជ្រ»។

ក្រុមហ៊ុននេះនឹងផ្តល់ការគាំទ្រ និងសេវាកម្មគ្រប់ជ្រុងជ្រោយ សម្រាប់រាល់អាជីវកម្មទាំងអស់របស់ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ដែលមានមូលដ្ឋាននៅប្រទេសចិន ព្រមទាំងចូលរួមចំណែក ក្នុងការកសាងសហគមន៍វាសនារួមកម្ពុជា-ចិន គ្រប់រដូវកាល ក្នុងយុគសម័យថ្មី។

ក្រុមហ៊ុន RG Beijing នឹងផ្តោតការយកចិត្តទុកដាក់លើវិស័យថាមពល ដោយប្រើប្រាស់លទ្ធភាពទទួល​បាន​ព័ត៌មាន បុគ្គលិកជំនាញ និងធនធានឧស្សាហកម្មរបស់ខ្លួន។

ក្រុមហ៊ុននឹងសម្របសម្រួលការរចនាវិស្វកម្ម ការផ្គត់ផ្គង់ឧបករណ៍ ការប្រឹក្សាបច្ចេកទេស និងប្រតិបត្តិការរោងចក្រ ដើម្បីជួយធានាថា គម្រោងចំនួនពីររបស់ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ដែលកំពុងសាងសង់នាពេលបច្ចុប្បន្ន រួមមាន រោងចក្រអគ្គិសនីដើរដោយឧស្ម័នធម្មជាតិ កម្លាំង ៩០០ មេហ្គាវ៉ាត់ នៅខេត្តកោះកុង និងគម្រោងថាមពលពន្លឺ​ព្រះអាទិត្យកម្លាំង ២០០ មេហ្គាវ៉ាត់ នៅខេត្តស្ទឹងត្រែង ត្រូវបានបញ្ចប់ការសាងសង់ដោយជោគជ័យ ចាប់ផ្តើម​ដំណើរការតាមកាលកំណត់ និងដំណើរការប្រកបដោយស្ថិរភាពជាបន្តបន្ទាប់។ កិច្ចការនេះនឹងគាំទ្រដល់ការ​អភិវឌ្ឍអាជីវកម្មថាមពល និងអគ្គិសនីរបស់ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប។

គួរបញ្ជាក់ថា ក្រៅពីវិស័យថាមពល ក្រុមហ៊ុន RG Beijing នឹងសម្របសម្រួលសកម្មភាពរបស់ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប (RG) នៅក្នុងប្រទេសចិន ព្រមទាំងតភ្ជាប់តម្រូវការភាពជាដៃគូឧស្សាហកម្ម ការវិនិយោគ និងហិរញ្ញប្បទាន​របស់ខ្លួន ជាមួយនឹងកាលានុវត្តភាពនៅក្នុងទីផ្សារប្រទេសចិនផងដែរ៕