អ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាល និងជានាយកប្រតិបត្តិក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប និងលោកជំទាវ អ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង បានបង្កើតមូលនិធិ សុីធីអិន ដើម្បីទ្រទ្រង់កងទ័ពការពារព្រំដែនជាតិ។

សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានឱ្យដឹងលើបណ្តាញសង្គមហ្វេសប៊ុកផ្លូវការ កាលពីថ្ងៃទី១២ ខែមិថុនា ថាមូលនិធិ សុីធីអិនដើម្បីទ្រទ្រង់កងទ័ពការពារព្រំដែនជាតិបានចាប់ផ្តើមជាមួយការផ្សាយផ្ទាល់តាមទូរទស្សន៍ CTN ។
«សូមអរគុណ អ្នកឧកញ៉ា គិត ម៉េង និងលោកជំទាវ ដែលបានបង្កើតនូវកម្មវិធីនេះឡើង តាមការអំពាវនាវរបស់ខ្ញុំ។ នេះជាខឿនការពារជាតិរបស់ប្រជាជនដ៏រឹងមាំរបស់យើង។ ការតស៊ូប្រឆាំងការឈ្លានពានរបស់ថៃ តាមផ្លូវយោធា នយោបាយ ការទូត និងផ្លូវច្បាប់ត្រូវដាក់ក្នុងយុទ្ធសាស្ត្រយូរអង្វែង។ យោធាត្រូវត្រៀមគ្រប់ពេលនិងប្រើពេលយូរជាមួយការតស៊ូតាមផ្លូវតុលាការយុត្តិធម៍អន្តរជាតិក្រុងឡាអេក៏ត្រូវប្រើពេលយូរ។ ខ្ញុំនិងភរិយាសូមចូលរួមមូលនិធិនេះចំនួន ៣០០លានរៀលជាដំណាក់កាលទីមួយ»។ សម្តេចបានបន្ថែម។
ជាមួយគ្នានេះ សម្តេចតេជោ ក៏សូមអំពាវនាវបងប្អូនជនរួមជាតិចូលរួមភ្ជាប់និស្ស័យជាមួយកងទ័ព និងជាមួយជាតិ និងទឹកដីរបស់យើងទាំងអស់គ្នា៕





