នាយករដ្ឋមន្ត្រី កំពុងពិនិត្យសិក្សាដាក់បញ្ចូលបេក្ខជនប្រឡងធ្លាក់ក្នុងកម្មវិធី«Cambodian Idol» ចូលក្របខណ្ឌរដ្ឋ

កម្សាន្ត

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន កំពុងសិក្សាឲ្យលោក ទុំ រដ្ឋា ចូលក្របខណ្ឌមន្រ្តីយោធានៅកងយោធពលខេមរភូមិន្ទ និងអាចច្រៀងនៅក្នុងក្រុមតន្រ្តីនៃកងអង្គរក្សរបស់សម្តេច។ នេះបើតាមសារព័ត៌មានស្និទ្ធស្នាលជាមួយនឹងរដ្ឋាភិបាលបានចុះផ្សាយ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការសម្រេចឱ្យសិក្សាលើលោក ទុំ រដ្ឋា ហៅ ទុំ សុវត្ថិ បន្ទាប់ពីអ្នកលេងបណ្ដាញសង្គមព្យាយាមវែកញែករកខុសត្រូវលើបេក្ខជន ទុំ សុវត្ថិ ជាមួយគណៈកម្មការទាំង៤រូប របស់ស្ថានីយទូរទស្សន៍ ហង្សមាស ក្នុងកម្មវិធី «Cambodian Idol» រដូវកាលទី៤ វគ្គ Judge Audition។

ក្នុងកម្មវិធីនោះ គណៈកម្មការបានសម្រេចជម្រុះបេក្ខជន ទុំ រដ្ឋា ហៅទុំ សុវត្ថិ ចេញពីកម្មវិធីនៅក្នុងវគ្គនេះ ដោយសំឡេងគាំទ្រ២ និងមិនគាំទ្រ២ ក៏ស្រាប់តែផ្ទុះការរិះគន់កម្មវិធីនេះ ចំពោះគណៈកម្មការ ឆន សុវណ្ណរាជ និង ឱក សុគន្ធកញ្ញា ដែលមិនបានផ្ដល់សំឡេងគាំទ្រ។ ដោយអ្នកខ្លះបានលើកឡើងថា សំឡេង ទុំ សុវត្ថិ ច្រៀងពីរោះហេតុអ្វីបានជាឲ្យលោកធ្លាក់។ ភ្លាមៗក៏មានការចេញមុខបកស្រាយពីភាគីគណៈកម្មការ និងមហាជនដែលគាំទ្រ ទុំ សុវត្ថិ ជាបន្ដបន្ទាប់។

ប៉ុន្មានថ្ងៃក្រោយមានការវែកញែកពេញបណ្ដាញសង្គម សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជាបានស្នើឲ្យបញ្ចប់ការឆ្លងឆ្លើយគ្នាពាក់ព័ន្ធការប្រឡងច្រៀងនៅលើបណ្តាញសង្គមផ្សេងៗ។

ទន្ទឹមនឹងនេះ សម្តេចតេជោ និង និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក៏បានឧបត្ថម្ភថវិកា៥០០០ដុល្លារ ដល់បេក្ខជន ទុំ រដ្ឋា ហៅ ទុំ សុវត្ថិ ដែលប្រឡងធ្លាក់នៅក្នុងកម្មវិធី Cambodian Idol។

គួររំលឹកថា យុវជនមកពីខេត្តស្ទឹងត្រែងឈ្មោះ ទុំ សុវត្ថិ រស់នៅកំព្រាជាមួយយាយតា ដោយសារឪពុកម្តាយបែកបាក់គ្នា និងចុះចោលតាំងពីខ្លួននៅតូច។ តាមការរៀបរាប់ សុវត្ថិ មានបងប្អូន៣នាក់ ក្នុងនោះមានម្នាក់បានបាត់បង់ជីវិតទៅហើយ និងម្នាក់ទៀតមានបញ្ហាខួរក្បាល។ បេក្ខជនវ័យ២៦ឆ្នាំរូបនេះ បានជ្រើសរើសយកបទ “ស្រឡាញ់ស្ទើរលេប” មកច្រៀង ប៉ុន្តែពុំទទួលបានលទ្ធផលវិជ្ជមាននោះទេ ពោលគឺធ្លាក់ត្រឹមវគ្គនេះ បន្ទាប់ពីគណៈកម្មការ២រូបសម្រេចថា “No”។

ក្រោយឃើញលទ្ធផលនេះ ក៏មានទស្សនិកជនជាច្រើនផងដែរ សម្តែងការមិនពេញចិត្តចំពោះគណៈកម្មការ និងយល់ថា សមត្ថភាពរបស់ សុវត្ថិ គួរតែជាប់។ ជាពិសេសទៀតនោះ ក៏មានទស្សនិកជន និងអ្នកលេងបណ្តាញសង្គមជាច្រើន សម្តែងការអាណិតអាសូរដល់យុវជនកំសត់រូបនេះ៕