តារាចម្រៀងរ៉េប G-Devith ក្លាយជាទូតសុច្ឆន:ផ្លូវការរបស់ស្រាបៀរវឌ្ឍនៈ និងដ្រាហ្គិន និងប្រកាសពីធួរខនសឺតនៅខេត្តក្រុងជាច្រើន

កម្សាន្ត

តារាចម្រៀងរ៉េបដ៏ល្បី និងមានប្រជាប្រិយភាពលោក G-Devith ត្រូវបានប្រកាសជាទូតសុច្ឆន:របស់ស្រាបៀរវឌ្ឍនៈ និងដ្រាហ្គិន ជាផ្លូវការក្នុងកម្មវិធីប្រគុំតន្ត្រី PS2 x វ សម្ពោធអាល់ប៊ុលថ្មីឈ្មោះថា Passion II ដែលប្រព្រឹត្តទៅនៅសួនវឌ្ឍនៈ កាពីតាលឡាហ្វ៍ស្តាយផាក នាល្ងាចថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៣នេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងពិធីចុះកិច្ចសន្យានេះក៏មានការចូលរួមពីអ្នកឧកញ៉ា សំអាង វឌ្ឍនៈ អគ្គនាយកក្រុមហ៊ុន វឌ្ឍនៈ ប៊្រូវើរី សិល្បករ និងអ្នកសារព័ត៌មានជាច្រើនដែលមានវត្តមានធ្វើជាសាក្ខីភាពនៃការចុះហត្ថលេខានេះ។

នៅចំពោះមុខថ្នាក់ដឹកនាំក្រុម វឌ្ឍនៈ និងអ្នកគាំទ្រជាច្រើនាក់ តារាចម្រៀងរ៉េបល្បីឈ្មោះ G-Devith ក៏បានសម្តែងអារម្មណ៍រំភើបដែលបានសហការជាមួយក្រុមហ៊ុន វឌ្ឍនៈ ប៊្រូវើរី ដើម្បីបង្កើត និងនាំភាព អស្ចារ្យជាច្រើនទាំងការធ្វើបទចម្រៀងថ្មីៗ ផលិតវីដេអូចម្រៀងឲ្យកាន់តែមានគុណភាព ព្រមទាំងការប្រគំតន្ត្រី ទេសចរណ៍ជាច្រើនខេត្តក្រុងនាពេលឆាប់ៗខាងមុខ។

ជាមួយគ្នានេះ ឆ្លើយតបនឹងសំនួរអ្នកសារព័ត៌មានអំពីការជ្រើសរើសតារាចម្រៀងរ៉េបមានវ័យ ៣០ឆ្នាំ លោក G-Devith ចូលមកក្នុងគ្រួសារវឌ្ឍនៈ ប៊្រូវើរី អ្នកឧកញ៉ា សំអាង វឌ្ឍនៈ បានមានប្រសាសន៍ថា៖ “លោក G-Devith គឺជាសិល្បករមួយរូបដែលមានឆន្ទះ ការតស៊ូខ្ពស់ក្នុងវិស័យសិល្បៈ មានប្រជាប្រិយភាព ភាពវ័យឆ្លាត ទាំងការតែងនិពន្ធការច្នៃប្រឌិតក្នុងការផលិតវីដេអូចម្រៀងរបស់គាត់ និងការធ្វើទីផ្សារសម្រាប់ខ្លួនឯងបានយ៉ាងល្អ។

អ្នកឧកញ៉ាថ្លែងថា គាត់យកចិត្តទុកដាក់ និងផ្តោតសំខាន់លើគុណភាពរាល់កិច្ចការរបស់គាត់ ដែលឆន្ទះនេះដូចទៅនឹងឆន្ទះរបស់វឌ្ឍនៈ ប៊្រូវើរី ដែលតែងតែផលិតនូវផលិតផលដែលមានគុណភាពខ្ពស់សម្រាប់អតិថិជន ដូច្នេះហើយការសហការរវាង វឌ្ឍនៈ ប៊្រូវើរី និងលោក G-Devith នឹងនាំអ្វីអស្ចារ្យទាំងសម្រាប់ដេវីត និងស្រាបៀរ វឌ្ឍនៈ និងដ្រាហ្គិនរបស់យើង។”

សូមជម្រាបថា លើសពីការចុះហត្ថលេខា លោក G-Devith ក៏បានបង្ហាញ និងច្រៀងបទចម្រៀងថ្មីជាច្រើនបទនៅក្នុងអាល់ប៊ុម Passion II របស់លោកដោយមានការចូលរួមពីហ្វេន និងទស្សនិកជនរាប់ពាន់នាក់។

វឌ្ឍនៈ ប្រ៊ូវើរី ដែលជាក្រុមហ៊ុ​នកំពុងតែមានភាពលេចធ្លោខ្លាំងក្នុងឧស្សាហកម្មផលិតស្រាបៀរ និង​ភេសជ្ជៈ​​នៅ​កម្ពុជា ​​ ហើយត្រូវបានទទួលស្គាល់ជាក្រុមហ៊ុន ដែលមានយុទ្ធសាស្រ្តទីផ្សារខ្លាំង និងច្បាស់លាស់។ វឌ្ឍនៈ ប្រ៊ូវើរី គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធមួយរបស់ វឌ្ឍនៈ គ្រុប ដែលជាគ្រុបដ៏លេចធ្លោមួយមានក្រុមហ៊ុនជាច្រើនវិនិយោគលើ វិស័យផ្សេងៗដូចជា វិស័យទំនិញ និងសេវាកម្ម អចលនទ្រព្យ សួនឧស្សាហកម្ម ធនាគារ ទីលានវាយកូនហ្គោល បដិសណ្ឋារកិច្ច សំណង់ ម្ហូបអាហារ និងវិស័យអប់រំ៕