ក្រុមហ៊ុន CBS របស់អ្នកឧកញ៉ា គិត ម៉េង និងក្រុមហ៊ុន The Studio អាមេរិក សហការបើកដំណើរការផលិតកម្មភាពយន្ត និងកម្មវិធីទូរទស្សន៍អន្តរជាតិនៅកម្ពុជា

ព័ត៌មានថ្មីៗ

ក្រុមហ៊ុន Cambodian Broadcasting Service (CBS) ដែលជាផ្នែកមួយរបស់ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប មានមោទកភាពក្នុងការប្រកាសពីការចុះអនុស្សរណៈនៃការយោគយល់គ្នា (MOU) រវាងស្ទូឌីយោ Camwood ដែលជាផ្នែកមួយរបស់ CBS និងក្រុមហ៊ុន ដឺស្ទូឌីយោ (The Studio) ដែលជាផលិតកម្មដ៏ល្បីល្បាញនៅលើពិភពលោកមានមូលដ្ឋាននៅហូលីវូដ រដ្ឋកាលីហ្វ័រញ៉ា ដែលខ្សែភាពយន្តជាច្រើនរបស់ពួកគេទទួលបានពានរង្វាន់នៅក្នុងមហោស្រពភាពយន្តឈានមុខគេ ដូចជា Sundance និង Cannes ដែលមានអ្នកទស្សនាជាង១ពាន់លាននាក់នៅទូទាំងពិភពលោក។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ភាពជាដៃគូជាយុទ្ធសាស្ត្រនេះ គឺជាការបើកទំព័រសករាជថ្មីមួយសម្រាប់ឧស្សាហកម្មភាពយន្តនៅក្នុងប្រទេសកម្ពុជា ដើម្បីក្លាយជាគោល ដៅចម្បងសម្រាប់ការផលិតភាពយន្ត និងកម្មវិធីទូរទស្សន៍លំដាប់ថ្នាក់ពិភពលោក ខណៈក្រុមហ៊ុនទាំងពីរ ត្រៀមនឹងសហការគ្នាដើម្បីផលិតរឿងភាគនិងខ្សែភាពយន្តដែលមានភាពច្នៃប្រឌិត និងបង្ហាញពីភាពវិជ្ជមាននៃសង្គមជាតិ សម្រាប់វេទិកាផ្សព្វផ្សាយអន្តរជាតិសំខាន់ៗ រួមមាន Amazon Prime Video, Netflix, Shahid និង HBO Max ។

ស្ថិតក្រោមអនុស្សរណៈនៃការយោគយល់គ្នានេះ ឌឺស្ទូឌីយោ នឹងអញ្ជើញតារាលំដាប់អន្តរជាតិ និងតារាដែលមានទេពកោសល្យមកកាន់ប្រទេសកម្ពុជា ជាមួយការប្តេជ្ញាចិត្ត ក្នុងការ ផ្លាស់ប្ដូរបទពិសោធន៏ដើម្បីលើកកម្ពស់នូវភាពច្នៃប្រឌិតក្នុងវិស័យភាពយន្តរបស់ប្រទេស កម្ពុជា និងការផលិតកម្មវិធីលំដាប់ថ្នាក់អន្តរជាតិរហូតដល់ ១០ គម្រោង តាមរយៈភាពជាដៃគូជាមួយស្ទូឌីយោ Camwood ។ តាមរយៈ អនុស្សរណៈនេះ ស្ទូឌីយោ Camwood នឹងផ្តល់ជូនវិញនូវសេវាកម្ម និងការគាំទ្រគ្រប់ជ្រុងជ្រោយក្នុងដំណើរការនៃការផលិតភាពយន្ត ដោយអនុញ្ញាតឱ្យប្រើប្រាស់នូវស្ទូឌីយោដ៏ទំនើបបំផុតរបស់ខ្លួន ចំនួន ៦ ស្ទូឌីយោ ព្រមទាំងផ្ដល់នូវការសម្របសម្រួលពីក្រុមបច្ចេកទេសដែលមានជំនាញច្បាស់លាស់ និងផ្នែកកាត់ត ពីពេលចាប់ផ្ដើមរហូតដល់ចុងបញ្ចប់នៃដំណើរការផលិត។

កិច្ចសហការនេះតំណាងឱ្យជំហានឆ្ពោះទៅមុខដ៏សំខាន់សម្រាប់ប្រព័ន្ធផ្សព្វផ្សាយ និងការកម្សាន្តដែលកំពុងរីកចម្រើនយ៉ាងឆាប់រហ័ស នៅក្នុងប្រទេសកម្ពុជា។ តាមរយៈការទាក់ទាញតារាអន្តរជាតិ និងការកំណត់ស្ដង់ដាខ្ពស់ ភាពជាដៃគូនេះនឹងចូលរួមបង្កើតការងារបន្ថែម ផ្ដល់ការបណ្ដុះបណ្ដាលសម្រាប់អ្នកជំនាញក្នុងស្រុក ព្រមទាំងបង្ហាញពីវប្បធម៌ដ៏រស់រវើក និងទីតាំងដ៏ស្រស់ស្អាតនានារបស់ប្រទេសកម្ពុជាទៅកាន់ពិភពលោក។

លោក David Ulmer នាយកប្រតិបត្តិនៃក្រុមហ៊ុន CBS បានមានប្រសាសន៍ថា “កិច្ចព្រមព្រៀងនេះឆ្លុះបញ្ចាំងពីចក្ខុវិស័យរបស់ពួកយើងដើម្បីធ្វើឱ្យប្រទេសកម្ពុជាក្លាយទៅទីតាំងដ៏សំខាន់សម្រាប់ឧស្សាហកម្មភាពយន្ត និងទូរទស្សន៍អន្តរជាតិ។ ពួកយើងមិនត្រឹមតែបង្កើតមាតិកាលំដាប់ថ្នាក់ពិភពលោកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងកសាងប្រព័ន្ធអេកូឡូស៊ីដែលមានភាពច្នៃប្រឌិតដើម្បីជួយលើកកម្ពស់តារាក្នុងស្រុក និងសេដ្ឋកិច្ចកម្ពុជាឱ្យកាន់តែរីកចម្រើនបន្ថែមទៀត”។

ព្រឹត្តិការណ៍នេះ ក៏មានការអញ្ជើញចូលរួមពី សហស្ថាបនិក និងអ្នកដឹកនាំដ៏ល្បីល្បាញ ចំនួនពីររូប រូមមាន លោកស្រី Sandy Grigsby និង លោក Ken Rutkowski ក្នុងការអបអរសាទរភាពជាដៃគូដ៏សំខាន់នេះ។

លោក Ken Rutkowski បានមានប្រសាសន៍ថា “សម្បត្តិបេតិកភណ្ឌដ៏សម្បូរបែបរបស់ប្រទេសកម្ពុជា និងរចនាសម្ព័ន្ធនៃការផលិតដែលកំពុងរីកចម្រើនយ៉ាងឆាប់រហ័ស បានធ្វើឱ្យកម្ពុជាក្លាយជាទីតាំងដ៏ល្អសម្រាប់ការផលិតភាពយន្ត សម្រាប់ពិភពលោក។ យើងមានសេចក្តីសោមនស្សរីករាយក្នុងការចាប់ដៃគូជាមួយស្ទូឌីយោ Camwood និង CBS ដើម្បីកំណត់ស្តង់ដាថ្មីសម្រាប់កិច្ចសហការអន្តរជាតិនៅក្នុងតំបន់អាស៊ីអាគ្នេយ៍”។ CBS គឺជាក្រុមហ៊ុនផ្សព្វផ្សាយដ៏ធំបំផុត និងប្រកបដោយភាពច្នៃប្រឌិតខ្ពស់របស់ប្រទេសកម្ពុជា ដែលមានទស្សនិកជនរាប់លាននាក់កំពុងទស្សនាតាមរយៈកញ្ចក់ទូរទស្សន៍ និង ឌីជីថល។ ស្ទូឌីយោ Camwood ដែលជាផ្នែកមួយរបស់ CBS គឺជាទីតាំងផលិតដែលត្រូវបានបំពាក់នូវឧបករណ៍ទំនើបៗចុងក្រោយ ដើម្បីគាំទ្រដល់ការផលិតខ្សែភាពយន្ត និងកម្មវិធីទូរទស្សន៍កម្រិតស្តង់ដាអន្តរជាតិ ជាមួយនឹងក្រុមអ្នកជំនាញដែលឈានមុខគេក្នុងឧស្សាហកម្មនេះ។

ព្រឹត្ដិការណ៍នេះ បានធ្វើឡើងស្របពេលជាមួយនឹងសមិទ្ធិផលសំខាន់ៗប្រចាំឆ្នាំរបស់ CBS និងស្ទូឌីយោ Camwood ។ CBS ត្រូវ​បាន​ទទួល​ស្គាល់​ទូទាំងទ្វីប​អាស៊ី​ជាក្រុមហ៊ុនឈាន​មុខគេ​ក្នុង​ការផ្លាស់ប្ដូរឌីជីថលដោយ​បានទាក់ទាញ​ទស្សនិកជននៅក្រៅប្រទេសកាន់តែច្រើនឡើង និងកំពុងឈានមុខគេនៅក្នុង​បរិបទថ្មីនៃ​ការ​ចែកចាយ​មាតិកា។ ក្នុងចំណោមសមិទ្ធផលជាច្រើនក្នុងពេលថ្មីៗនេះ កម្មវិធី MasterChef Cambodia របស់ CBS ជាកម្មវិធីមួយដែលត្រូវបានដាក់បញ្ចូលក្នុងបេក្ខភាពសម្រាប់ពានរង្វាន់ International Emmy Award ដែលទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំងលើសក្តានុពលនៃភាពច្នៃប្រឌិតរបស់ឧស្សាហកម្មទូរទស្សន៍របស់កម្ពុជា៕