តម្លៃភាគហ៊ុន Alibaba ហក់ឡើងខ្ពស់កប់ ក្រោយប្រកាសផែនការបំបែកក្រុមហ៊ុនជា ៦

អន្តរជាតិ

ថ្មីៗនេះ ភាគហ៊ុនរបស់ក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សចិន Alibaba បានហក់ឡើងខ្ពស់បំផុតមួយ បន្ទាប់ពីបានប្រកាសអំពីផែនការ ក្នុងការបំបែកខ្លួនជា ៦ ក្រុមហ៊ុន។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មាន BBC ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

Alibaba បាននិយាយថា ក្រុមហ៊ុនថ្មីៗចំនួន ៥ ក្នុងចំណោម ៦ នឹងត្រូវបង្កើតឡើង ក្នុងគោលបំណងធំ ដើម្បីស្វែងរកការបង្កើនមូលនិធិថ្មី ក៏ដូចជាផ្តល់ជម្រើសក្នុងការបោះផ្សាយលក់មូលបត្រជាសាធារណ:លើកដំបូង (IPO) ផងដែរ ។

យ៉ាងណាមិញ ក្រោយមានការប្រកាសឡើងបែបនេះ បានធ្វើឱ្យភាគហ៊ុន Alibaba បានកើនឡើងច្រើនជាង ១៤% ក្នុងទីផ្សារហ៊ុននៅទីក្រុងញូវយ៉ក កាលពីថ្ងៃអង្គារ និងកើនឡើងខ្ពស់ជាង ១៣% នៅទីផ្សារហ៊ុនហុងកុង គិតត្រឹមថ្ងៃពុធនេះ ។

គួររល្លឹកផងដែរថា ភាគហ៊ុនរបស់ក្រុមបច្ចេកវិទ្យា ដែលបានចុះបញ្ជីនៅក្នុងទីផ្សារហ៊ុនរបស់សហរដ្ឋអាមេរិកមួយនេះ បានធ្លាក់ចុះជិត ៧០% ឯណោះ ចាប់តាំងពីឆ្នាំ ២០២០ មក ដោយសារតែមានការព្រួយបារម្ភ អំពីការបង្ក្រាបទ្រង់ទ្រាយធំរបស់រដ្ឋាភិបាលទីក្រុងប៉េកាំង ទៅលើវិស័យច្ចេកវិទ្យា ។

ប៉ុន្តែទោះជាយ៉ាងណា អ្វីៗហាក់មានការផ្លាស់ប្តូរវិញ បន្ទាប់ពីមានសេចក្តីរាយការណ៍មកថា ស្ថាបនិករបស់ក្រុមហ៊ុន Alibaba គឺលោក Jack Ma ត្រូវបានលេចមុខសារជាថ្មី ក្នុងប្រទេសចិន នៅសប្តាហ៍នេះ បន្ទាប់ពីលោក បានចាយពេលភាគច្រើននៅក្រៅប្រទេស ក្នុងរយ:ពេល ៣ ឆ្នាំចុងក្រោយ ។

លើសពីនេះ ទៅទៀត ក្រុមហ៊ុន Alibaba ក៏បានធ្វើការបញ្ជាក់ផងដែរថា ការសម្រេចចិត្តបំបែកកក្រុមហ៊ុនអាជីវកម្មរបស់ខ្លួននេះ គឺជាការរៀបចំរចនាសម្ព័ន្ធក្រុមហ៊ុនឡើងវិញដ៏ធំបំផុតមួយ ក្នុងប្រវត្តិសាស្រ្តរយ:ពេល ២៤ ឆ្នាំចុងក្រោយ ៕