អត្រាអតិផរណារបស់ឡាវ ធ្លាក់ចុះជាលើកដំបូង បន្ទាប់ពីឡើងខ្ពស់អស់រយ:ពេលជាងមួយឆ្នាំ

អន្តរជាតិ

ថ្មីៗនេះ យោងតាមការិយាល័យស្ថិតិឡាវ ហៅកាត់ LSB បានបង្ហាញឱ្យដឹងថា អត្រាអតិផរណារបស់ប្រទេសខ្លួនធ្លាក់ចុះមកវិញបន្តិច ពីកម្រិត ៤១,៣% នៅក្នុងខែកុម្ភ: មកនៅត្រឹម ៤១% គិតត្រឹមខែមីនា ខណ:នេះជាលើកដំបូងហើយ ដែលអត្រានេះបានធ្លាក់ចុះមកវិញ បន្ទាប់ពីការកើនឡើងឥតឈប់ឈរ អស់រយ:ពេលជាងមួយឆ្នាំកន្លងមកនេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បើតាមរបាយការណ៍ចុងក្រោយពី LSB បាននិយាយថា បើទោះបីជាមានការធ្លាក់ចុះនៃអត្រាអតិផរណាក៏ដោយ ប៉ុន្តែការចំណាយទៅលើទំនិញ និងសេវាកម្មទាំងអស់ នៅតែមានកម្រិតខ្ពស់ខ្លាំង ហើយឡាវ នៅតែប្រទេសមួយ ក្នុងចំណោមប្រទេសដែលមានអត្រាអតិផរណាខ្ពស់បំផុត នៅក្នុងតំបន់ ។

គួរឱ្យដឹងថា តម្លៃអាហារ និងភេសជ្ជ:មិនមានជាតិអាល់កុល បានកើនឡើងខ្ពស់បំផុត នៅក្នុងខែមីនា ពោលគឺបានកើនឡើង ៥១% បើធៀបនឹងរយ:ពេលដូចគ្នាកាលពីឆ្នាំមុន ស្របពេលសេវាថែទាំវេជ្ជសាស្រ្ត និងឱសថ បានកើនឡើង ៤១,៨% , សេវាទំនាក់ទំនង និងការដឹកជញ្ជូន បានកើនឡើង ៤១,៧% , សេវាសណ្ឋាគារ និងភោជនីយដ្ឋាន កើនឡើង ៣៦,៩% និងឧបករណ៍ប្រើប្រាស់ក្នុងផ្ទះ កើនឡើង ៣៥% ។

យ៉ាងណាមិញ ក្រុមអ្នកសេដ្ឋកិច្ច បានសម្តែងក្តីព្រួយបារម្ភ អំពីលទ្ធភាពនៃការកើនឡើងថ្លៃទំនិញបន្ថែមទៀត នៅក្នុងខែមេសានេះ ដោយសារតែតម្រូវការខ្ពស់ ក្នុងអំឡុងពិធីបុណ្យចូលឆ្នាំថ្មី នៅក្នុងប្រទេសឡាវ នៅពេលដែល LSB បានព្យាករថា អត្រាអតិផរណា នៅក្នុងខែនេះ អាចនឹងកើនឡើងខ្ពស់ជាងខែមីនា ។

ជម្រាបជូនផងដែរថា អត្រាអតិផរណា ពីមួយឆ្នាមទៅមួយឆ្នាំរបស់ប្រទេសឡាវ បានកើនឡើងពី ៦,២៥% ក្នុងមករា ឆ្នាំ ២០២២ ដល់ ៧,៣១% ក្នុងខែកុម្ភ: ហើយបានបន្តកើនឡើងជាបន្តបន្ទាប់ ក្នុងរយ:ពេលជាងមួយឆ្នាំ រហូតដល់ជាង ៤០% នៅដើមឆ្នាំ ២០២៣ នេះ ៕