ក្រុមរថយន្តជប៉ុន Isuzu បញ្ជាក់ថាខ្លួនគ្មានបំណងប្តូររោងចក្រពីប្រទេសថៃ ទៅឥណ្ឌូនេស៊ីឡើយ

អន្តរជាតិ

ក្រុមហ៊ុនផលិតរថយន្ត Isuzu Motors នៅថ្ងៃព្រហស្បតិ៍នេះ បានធ្វើការបញ្ជាក់ថាខ្លួនគ្មានគម្រោង ក្នុងការផ្លាស់ប្តូររោងចក្រ ពីប្រទេសថៃ ទៅកាន់ប្រទេសឥណ្ឌូនេស៊ីនោះឡើយ ពោលគឺត្រឹមតែមួយថ្ងៃប៉ុណ្ណោះ​ បន្ទាប់ពីរដ្ឋមន្ត្រីឧស្សាហកម្មឥណ្ឌូនេស៊ី បាននិយាយថាក្រុមហ៊ុនខ្នាតយក្សរបស់ជប៉ុនមួយនេះ អាចនឹងធ្វើដូច្នេះ ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យ៉ាងណាមិញ អ្នកនាំពាក្យរបស់ក្រុមហ៊ុន Isuzu បាននិយាយថា ៖ ” ខណ:ពេលដែលក្រុមហ៊ុនរបស់យើង កំពុងបន្តផ្តោតទៅលើប្រទេសឥណ្ឌូនេស៊ី ដែលជាទីផ្សារដ៏សំខាន់នោះ​ ប៉ុន្តែយើងគឺគ្មានគម្រោងណាមួយ ដើម្បីធ្វើការផ្លាស់ប្តូរទីតាំងរោងចក្ររបស់យើងពីប្រទេសថៃ ទៅកាន់ទីនោះឡើយ ” ។

គួរឱ្យដឹងផងដែរថា ការលើកឡើងបែបនេះ បានកើតឡើងបន្ទាប់ពីរដ្ឋមន្ត្រីឧស្សាហកម្មឥណ្ឌូនេស៊ី លោក Agus Gumiwang Kartassmita បាននិយាយកាលពីថ្ងៃពុធថា ក្រុមហ៊ុន Isuzu គ្រោងនឹងធ្វើការផ្លាស់ប្តូរទីតាំងរោងចក្ររបស់ពួកគេ មកកាន់ឥណ្ឌូនេស៊ី ហើយអាចនឹងចាប់ផ្តើមផលិតកម្ម នៅដើមឆ្នាំក្រោយ ។

ដោយឡែក អ្នកនាំពាក្យរបស់ក្រសួងឧស្សាហកម្មឥណ្ឌូនេស៊ី នៅថ្ងៃព្រហស្បតិ៍នេះ មិនបានចេញមុខធ្វើការបញ្ជាក់បន្ថែមនោះឡើយ ជុំវិញការបដិសេធពីសំណាក់ក្រុមហ៊ុន Isuzu ខណ:ពេលដែលក្រុមហ៊ុនផលិតរថយន្តរបស់ជប៉ុនមួយនេះ ក៏មានរោងចក្ររួចទៅហើយ នៅក្នុងទីក្រុង Karawang ប្រទេសឥណ្ឌូនេស៊ី ។

ជម្រាបជូនផងដែរថា Isuzu បាន​ចូលក្នុងទីផ្សារ​ប្រទេស​ថៃ​ដំបូង​ ក្នុង​ឆ្នាំ ១៩៦៦ ហើយ​មាន​រោងចក្រ​ដំឡើង​ចំនួន​ពីរ​ គឺ​ស្ថិតនៅក្នុងខេត្ត​សាមុត​ប្រាកាន និង​ Chachoengsao ដោយរោងចក្រ​ទាំងនោះ​មាន​សមត្ថភាព​ផលិត​រថយន្ត​សរុប ៣៨៥ ០០០ គ្រឿង​ក្នុង​មួយ​ឆ្នាំ និងមានបុគ្គលិកបម្រើការងារប្រហែល ៦ ០០០ នាក់ ៕