ក្រុមហ៊ុនមីកញ្ចប់ថៃ Mama គ្រោងបោះលុយវិនិយោគជាង ៨លានដុល្លារបន្ថែម នៅប្រទេសហុងគ្រី

អន្តរជាតិ

ក្រុមហ៊ុន Thai President Foods Plc ដែលត្រូវបានគេស្គាល់ថាជាអ្នកផលិតមីកញ្ចប់ Mama ថ្មីៗនេះ បានបង្ហាញឱ្យដឹងថា ខ្លួនគ្រោងនឹងបោះទុនវិនិយោគទឹកប្រាក់បន្ថែមចំនួន ៣០០លានបាត (៨,៤លានដុល្លារ) ដើម្បីបង្កើនការផលិតទ្វេដង នៅក្នុងប្រទេសហុងគ្រី។ នេះបើតាមការចុះផ្សាយពីកាសែត Bangkok Post ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក Pun Paniangvait អ្នកគ្រប់គ្រងការិយាល័យរបស់ក្រុមហ៊ុន Thai President Foods បាននិយាយថា ទីផ្សារមីកញ្ចប់របស់ប្រទេសថៃ ត្រូវបានប៉ាន់ប្រមាណថាមានចំនួន ២០ពាន់លានបាតក្នុងមួយឆ្នាំ ប៉ុន្តែបានជួបប្រទះជាមួយនឹងកំណើនជាមធ្យម នៅក្នុងឆមាសទី១ ឆ្នាំនេះ។

ជុំវិញមូលហេតុនេះហើយ ទើបក្រុមហ៊ុន Thai President Foods កំពុងងាកមកចាប់អារម្មណ៍ទៅលើទីផ្សារអន្តរជាតិបន្ថែមទៀត ដោយក្រុមហ៊ុនមានបំណងបង្កើនដើមទុន នៅក្នុងក្រុមហ៊ុន Thai President Hungary ដែលជាបុត្រសម្ព័ន្ធដ៏ធំមួយរបស់ខ្លួន ឱ្យដល់ចំនួនទឹកប្រាក់ ៦០០លានបាត ពោលគឺកើនឡើងពីការវិយោគពីមុន ចំនួន ៣០០លានបាត ។​

មិនតែប៉ុណ្ណោះ លោក Pun បាននិយាយទៀតថា ៖ “​មីកញ្ចប់របស់យើង គឺត្រូវបានទទួលស្គាល់ពីសំណាក់អតិថិជនអឺរ៉ុបអស់រយ:ពេលជាយូរមកហើយ។ ដោយផ្នែកលើទស្សនវិស័យនេះ ក្រុមហ៊ុនគ្រោងនឹងពង្រីកអាជីវកម្មនៅអឺរ៉ុបបន្ថែមទៀត “។

គួរឱ្យដឹងផងដែរថា ក្រុមហ៊ុន Thai President Foods កំពុងរចនាកន្លែងផលិតមីកញ្ចប់ Mama ថ្មីរបស់ខ្លួន នៅក្នុងប្រទេសហុងគ្រី ដោយការសាងសង់រោងចក្រថ្មីនេះ អាចនឹងចាប់ផ្តើមនៅឆ្នាំក្រោយ។ ហើយនៅពេលរោងចក្រថ្មី នៅហុងគ្រីបើកដំណើរការ នោះមីកញ្ចប់ Mama ទាំងអស់ដែលធ្លាប់តែនាំចេញពីប្រទេសថៃ​ ទៅកាន់ទីផ្សារអឺរ៉ុប នឹងត្រូវជំនួសវិញ ដោយការនាំចេញពីរោងចក្រ នៅហុងគ្រី៕