ប្រធានាធិបតី ចូ បៃដិន រំពឹងអាចជួបពិភាក្សាជាមួយលោក Zelenskyy ក្នុងកិច្ចប្រជុំកំពូលរបស់អង្គការណាតូ

អន្តរជាតិ

យោងតាមប្រភពជាច្រើនបានបង្ហាញឱ្យដឹងថា ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន អាចនឹងជួបពិភាក្សាជាមួយប្រធានាធិបតីរបស់អ៊ុយក្រែន លោក Volodymyr Zelenskyy ក្នុងកិច្ចប្រជុំកំពូលរបស់អង្គការណាតូ នាថ្ងៃពុធខាងមុខនេះ ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

កិច្ចប្រជុំកំពូលមួយនេះ អាចនឹងបង្ហាញពីសញ្ញានៃការរួបរួមគ្នាដ៏ធំមួយ ស្របពេលវត្តមានរបស់លោក Zelenskyy នៅក្នុងកិច្ចប្រជុំកំពូលមួយនេះ នៅតែស្ថិតនៅក្នុងការសង្ស័យនៅឡើយ។ ខណ:ពេលដែលបញ្ហាសង្គ្រាមរបស់រុស្ស៊ី នៅអ៊ុយក្រែន គឺស្ថិតនៅក្នុងចំណោមរបៀបវារ:កំពូល សម្រាប់មេដឹកនាំណាតូ រួមជាមួយនឹងការពិភាក្សាអំពីផ្លូវអនាគតរបស់អ៊ុយក្រែន ដើម្បីចូលរួមជាមួយសម្ព័ន្ធមិត្តផងដែរ ។

យ៉ាងណាមិញ បើតាមការចុះផ្សាយពីសារព័ត៌មាន CNN បានបង្ហាញថា ប្រធានាធិបតីអាមេរិក លោក បៃដិន កំពុងសម្លឹងរកមើលឱកាស ដើម្បីជួបពិភាក្សាជាមួយលោក Zelenskyy នៅក្នុងកិច្ចប្រជុំកំពូលមួយនេះ ស្របពេលសមាជិករបស់អង្គការណាតូផ្សេងទៀត ក៏អាចនឹងស្នើឱ្យមានការផ្តល់ជាជំនួយបន្ថែម សម្រាប់អ៊ុយក្រែន នៅពេលដែលការវាយលុក នៅតែបន្ត ។

ប៉ុន្តែទន្ទឹមនឹងនេះ លោក បៃដិន មិនគិតថាអ៊ុយក្រែន បានត្រៀមខ្លួនគ្រប់គ្រាន់ក្នុងការចូលជាសមាជិករបស់អង្គការណាតូ នៅឡើយទេ នៅពេលដែលសង្គ្រាមក្នុងប្រទេសនេះកំពុងតែបន្ត ហើយបានលើកឡើងអំពីកំណែទម្រង់ដែលប្រទេសនេះចាំបាច់ត្រូវធ្វើ ដើម្បីអាចចូលរួមជាមួយសម្ព័ន្ធមិត្តបាន។

ជម្រាបជូនផងដែរថា លោក បៃដិន និង Zelenskyy បានជួបពិភាក្សាគ្នាជាច្រើនដងរួចមកហើយ នៅរយ:ពេលប៉ុន្មានខែចុងក្រោយនេះ។ ដោយដំណើរទស្សនកិច្ចដំបូងរបស់លោក Zelenskyy ទៅក្រៅប្រទេសអ៊ុយក្រែនជាលើកដំបូង ចាប់តាំងពីសង្គ្រាមបានចាប់ផ្តើម គឺទៅកាន់ទីក្រុងវ៉ាស៊ីនតោន ដែលជាកន្លែងលោកបានជួបជាមួយ លោក បៃដិន ។

ហើយនៅពីរ បីខែក្រោយមក លោក បៃដិន បានធ្វើដំណើរទស្សនកិច្ចដ៏គួរឱ្យភ្ញាក់ផ្អើលមួយទៅកាន់ទីក្រុង Kyiv ជាមួយនឹងការប្រកាសអំពីកញ្ចប់ជំនួយដែលមានតម្លៃកន្លះពាន់លានដុល្លារ ទៅឱ្យអ៊ុយក្រែន។ ស្របពេលកិច្ចប្រជុំដោយចុងក្រោយរវាងមេដឹកនាំប្រទេសទាំងពីរ បានធ្វើឡើងនៅក្នុងកិច្ចប្រជុំកំពូល G-7 នៅទីក្រុងហ៊ីរ៉ូស៊ីម៉ា ប្រទេសជប៉ុន ក្នុងខែឧសភា។ ដោយពេលនោះ លោក Zelenskyy បានប្រើឱកាស ដើម្បីដាក់សម្ពាធលើមេដឹកនាំពិភពលោក ឱ្យជួយប្រទេសខ្លួនបន្ថែមទៀត បន្ទាប់ពីរុស្ស៊ីបានវាយដណ្តើមយកទីក្រុង Bakhmut ក្រោយការប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លាអស់រយ:ពេលជាច្រើនខែ៕