អូស្រ្តាលី សង្ឃឹមថាចិន នឹងដកចេញរនាំងពាណិជ្ជកម្មទាំងស្រុង ជាមួយប្រទេសខ្លួន

អន្តរជាតិ

ថ្មីៗនេះ អូស្រ្តាលី បានបង្ហាញក្តីសង្ឃឹមថា ជម្លោះពាណិជ្ជកម្មរវាងខ្លួន ជាមួយប្រទេសចិន ដែលកន្លងមកបានធ្វើឱ្យប៉ះពាល់ដល់ការនាំចេញទំនិញតម្លៃរាប់ពាន់លានដុល្លារ អាចនឹងត្រូវបញ្ចប់ទាំងស្រុង បន្ទាប់ពីរដ្ឋាភិបាលទីក្រុងប៉េកាំង បានសម្រេចចិត្តដកពន្ធឡើងវិញ ទៅលើស្រូវសាលី។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VOA ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការរឹតបន្តឹងផ្នែកពាណិជ្ជកម្ម ដែលដាក់ចេញដោយប្រទេសចិន ទៅលើទំនិញរបស់អូស្រ្តាលីជាច្រើនមុខ ដោយរាប់ចាប់ពី ធ្យូងថ្ម ស្រា និងសាច់គោ បានកើតឡើង បន្ទាប់ពីមានការប៉ះទង្គិចផ្នែកការទូតរវាងប្រទេសទាំងពីរ ក្នុងរយ:ពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ជុំវិញលទ្ធិប្រជាធិបតេយ្យ នៅហុងកុង សិទ្ធិមនុស្ស និងមហិច្ឆតារបស់រដ្ឋាភិបាលទីក្រុងប៉េកាំង នៅសមុទ្រចិនខាងត្បូង និងប៉ាស៊ីហ្វិក។

ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ កាលពីសប្តាហ៍មុន ក្រសួងពាណិជ្ជកម្មរបស់ចិន បាននិយាយថា ខ្លួននឹងលុបចោលការយកពន្ធរហូតដល់ទៅ ៨០,៥% ទៅលើស្រូវសាលីរបស់អូស្រ្តាលី ស្របពេលរដ្ឋមន្ត្រីពាណិជ្ជកម្មអូស្រ្តាលី លោក Don Farrell បានបង្ហាញក្តីសង្ឃឹមថា រដ្ឋាភិបាលទីក្រុងប៉េកាំង នឹងបន្តដកចេញការរឹតបន្តឹងស្រដៀងគ្នានេះ ទៅលើការនាំចេញទំនិញផ្សេងទៀត ដូចជាស្រា ក្នុងពេលឆាប់ៗខាងមុខ។

លើសពីនេះ លោក Farrell បានប្រាប់សារព័ត៌មានក្នុងស្រុកមួយថា ៖ ” ដំណើរការទាំងមូលរបស់យើង ក្នុងរយៈពេល ១៥ ខែចុងក្រោយនេះ គឺព្យាយាម និងធ្វើឱ្យទំនាក់ទំនងរបស់យើង មានស្ថេរភាពជាមួយរដ្ឋាភិបាលចិន ដើម្បីឱ្យពួកគេដកចេញនូវឧបសគ្គផ្នែកពាណិជ្ជកម្ម ដែលបានរារាំង នៅក្នុងទំនាក់ទំនងរវាប្រទេសទាំងពីរ ក្នុងមួយរយ:ពេលចុងក្រោយ។ ហើយបន្តិចម្ដងៗ ដំណើរការនោះ និងទទួលបានផល “។

លោក Farrell បានសង្កត់ធ្ងន់ទៀតថា រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មចិន លោក Wang Wentao បានយល់ព្រមធ្វើទស្សនកិច្ចមកកាន់ប្រទេសអូស្ត្រាលី បើទោះបីជាមិនទាន់មានព័ត៌មានលម្អិតណាមួយ ត្រូវបានចេញផ្សាយក៏ដោយ។ ស្របពេល នាយករដ្ឋមន្ត្រីអូស្ត្រាលីលោក Anthony Albanese ត្រូវបានគេរំពឹងថា នឹងធ្វើទស្សនកិច្ចទៅកាន់ប្រទេសចិន នៅចុងឆ្នាំនេះ ផងដែរ៕