បុត្រាពីរអង្គរបស់ព្រះមហាក្សត្រថៃ បញ្ចប់ទស្សនកិច្ចក្នុងប្រទេសកំណើតលើកដំបូង ក្នុងរយ:ពេល ២៧ ឆ្នាំ

អន្តរជាតិ

ព្រះរាជបុត្រទាំងពីររបស់ព្រះមហាក្សត្រថៃ Maha Vajiralongkorn កាលពីថ្ងៃចន្ទកន្លងទៅ បានបញ្ចប់ដំណើរទស្សនកិច្ចជាលើកដំបូងរបស់ទ្រង់ មកកាន់ប្រទេសថៃ ក្នុងរយ:ពេល ២៧ ឆ្នាំចុងក្រោយ ប៉ុន្តែចំពោះការយាងត្រលប់មកកាន់ប្រទេសថៃ ដ៏គួរឱ្យភ្ញាក់ផ្អើលនេះ មិនមានការបកស្រាយណាមួយ ពីព្រះរាជវាំងនោះឡើយ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ព្រះអង្គម្ចាស់ Vacharaesorn Vivacharawongse ដែលមានព្រះជន្ម ៤២ វស្សា បានយាងមកដល់ប្រទេសថៃ កាលពីសប្តាហ៍មុន ហើយបានយាងទៅទតមណ្ឌលថែទាំកុមារ និងបានយាងចូលរួមក្នុងពិធីសាសនា នៅវត្តមួយក្នុងទីក្រុងបាងកក។

តាមរយ:រូបថត ដែលបានបង្ហោះនៅក្នុងប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក កាលពីចុងសប្តាហ៍មុន បានបង្ហាញថា ព្រះអនុជរបស់ទ្រង់ ព្រះនាម Chakriwat ក៏បានយាងមកកាន់ប្រទេសថៃផងដែរ ដោយពួកទ្រង់ បានយាងទៅមន្ទីរពេទ្យ និងយាងទៅគោរពបូជាដល់បុព្វបុរសរបស់ទ្រង់ ផងដែរ។ ​

មុនពេលចាកចេញពីព្រលានយន្តហោះសុវណ្ណភូមិ ក្រោយពីបញ្ចប់ដំណើរទស្សនកិច្ចនេះ ព្រះអង្គម្ចាស់ Vacharaesorn បានមានបន្ទូលប្រាប់ទៅកាន់អ្នកយកព័ត៌មានថា ៖ ” នេះជាសប្តាហ៍ដ៏លឿនមួយ។ មានរឿងជាច្រើនទៀត ដែលយើងចង់ធ្វើ និងឃើញ នៅក្នុងប្រទេសថៃ ប៉ុន្តែមិនមានពេលច្រើនទេ។ យើងបានទទួលសេចក្តីស្រលាញ់ និងភាពកក់ក្តៅពីមនុស្សគ្រប់គ្នា ដែលយើងបានជួប ” ។

ព្រះអង្គម្ចាស់ Vacharaesorn និងព្រះអង្គម្ចាស់ Chakriwat គឺជាបុត្រ ២ និងទី ៣ ក្នុងចំណោមបុត្រទាំង ៤ របស់ព្រះមហាសីទី ២ ព្រះនាម Sujarinee Vivacharawongse របស់ព្រះរាជា Vajiralongkorn ដែលជាអតីតតារាសម្តែង ប៉ុន្តែបានលែងលះក្នុងឆ្នាំ ១៩៩៦។

ជម្រាបជូនផងដែរថា បុត្រាទាំងពីរ រួមទាំងមាតា និងញាតិវង្ស បានឃ្លាតឆ្ងាយពីគ្នា បន្ទាប់ពីការលែងលះនៅក្នុងឆ្នាំ ១៩៩៦ មក នៅពេលដែលមាតារបស់ទ្រង់ត្រូវបានចោទប្រកាន់ជាសាធារណ:ពីបទផិតក្បត់ ហើយទ្រង់បានសម្រេចផ្លាស់ទៅរស់នៅក្រៅប្រទេស ចាប់ពីពេលនោះមក៕