ក្រុមហ៊ុនសម្លៀកបំពាក់ H&M កំពុងតាមនដានលើករណីរំលោភបំពាន នៅរោង​ចក្រ​មីយ៉ាន់ម៉ា

អន្តរជាតិ

ក្រុមហ៊ុនសម្លៀកបំពាក់លំដាប់កំពូលរបស់ពិភពលោក H&M ថ្មីៗនេះ បានប្រាប់ទៅកាន់សារព័ត៌មាន Reuters ថាខ្លួន កំពុងតែតាមដានយ៉ាងដិតដល់ទៅលើករណីចោទប្រកាន់ទាំង ២០ ចំពោះការរំលោភបំពានការងារ នៅរោងចក្រកាត់ដេរ ក្នុងប្រទេសមីយ៉ាន់ម៉ា ដែលជាអ្នកផ្គត់ផ្គង់ធំបំផុតមួយរបស់ខ្លួន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្រុមអ្នកតស៊ូមតិសិទ្ធិមនុស្ស ដែលមានមូលដ្ឋាននៅចក្រភពអង់គ្លេស បានបង្ហាញថាករណីរំលោភបំពានលើកម្មករ បានកើនឡើងដល់ចំនួន ១៥៦ ករណី នៅក្នុងរោងចក្រកាត់ដេរមីយ៉ាន់ម៉ា ដោយគិតចាប់ពីខែកុម្ភ: ឆ្នាំ ២០២២ ដល់ខែកុម្ភ:ឆ្នាំ ២០២៣ ដែលនេះបានបង្ហាញពីការថយចុះខ្លាំងនៃសិទ្ធិរបស់កម្មករ ចាប់តាំងពីមានរដ្ឋប្រហារយោធា ក្នុងខែកុម្ភ:ឆ្នាំ ២០២១ មក។

ការកាត់បន្ថយប្រាក់ឈ្នួល និងការ​កេងប្រវ័ញ្ច​ប្រាក់ឈ្នួល ត្រូវបានរាប់ថាជាការចោទប្រកាន់ ទទួលបានការរាយការណ៍ញឹកញាប់បំផុត បន្ទាប់ពីករណីផ្សេងទៀត ដូចជាបណ្តេញចេញពីការងារដោយអយុត្តិធម៍ អត្រាការងារអមនុស្សធម៌ និងការបង្ខិតបង្ខំឱ្យធ្វើការថែមម៉ោង។ នេះបើតាមរបាយការណ៍ទទួលបានពីអង្គការមិនមែនរដ្ឋាភិបាល មជ្ឈមណ្ឌលធនធានធុរកិច្ច និងសិទ្ធិមនុស្ស (BHRRC) បានបង្ហាញ។

ជុំវិញបញ្ហានេះ ក្រុមហ៊ុន H&M បាននិយាយ នៅក្នុងសេចក្តីថ្លែងការណ៍មួយថា ៖ ” ករណីទាំងអស់ ដែលបានកើតឡើង នៅក្នុងរបាយការណ៍ ដែលទទួលបានដោយ BHRRC កំពុងត្រូវបានតាមដាន និងសម្របសម្រួលតាមរយ:ក្រុមការងារ ដែលស្ថិតនៅទីនោះផ្ទាល់ ក្នុងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយភាគីពាក់ព័ន្ធ ” ។

ក្រុមហ៊ុនលក់រាយសម្លៀកបំពាក់ខ្នាតយក្សរបស់ស៊ុយអែតមួយនេះ បាននិយាយទៀតថា ៖ ” យើងមានការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះការអភិវឌ្ឍចុងក្រោយបអង្អស់នៅមីយ៉ាន់ម៉ា ហើយយើងបានមើលឃើញថាកំពុងមានការកើនឡើងនូវការប្រឈមក្នុងប្រតិបត្តិការរបស់យើង ស្របតាមស្តង់ដារ និងតម្រូវការ ” ។

ជម្រាបជូនផងដែរថា BHRRC បាននិងកំពុងតាមដានការចោទប្រកាន់អំពីការរំលោភបំពានសិទ្ធិរបស់កម្មករ នៅក្នុងរោងចក្រកាត់ដេរ ចាប់តាំងពីរបបយោធាបានឡើងកាន់អំណាច នៅមីយ៉ាន់ម៉ា ដោយធ្វើឱ្យប្រទេសនេះ ធ្លាក់ចូលក្នុងវិបតិ្តនយោបាយ និងមនុស្សធម៌។ ហើយបើតាមការតាមដាន បានបង្ហាញថា ករណីរំលោភបំពាន បានកើតមាននៅរោងចក្រចំនួន ១២៤ ដាច់ដោយឡែកពីគ្នា៕