អាមេរិក នឹងចាប់ផ្តើមបណ្តុះបណ្តាលការបើកបរយន្តហោះប្រភេទ F-16 ដល់អ៊ុយក្រែន នាខែតុលា

អន្តរជាតិ

កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ មន្ទីរបញ្ចកោណបានប្រកាសថា សហរដ្ឋអាមេរិកនឹងចាប់ផ្តើមហ្វឹកហ្វឺនដល់អ្នកបើកបរយន្តហោះរបស់អ៊ុយក្រែន នៃប្រភេទយន្តហោះចម្បាំង F-16 នាខែតុលាខាងមុខ។​ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោកឧត្តមសេនីយ៍ Pat Ryder អ្នកនាំពាក្យមន្ទីរបញ្ចកោណបាននិយាយថា ការហ្វឹកហ្វឺនរបស់សហរដ្ឋអាមេរិក នឹងរួមបញ្ចូលអ្នកបើកបរយន្តហោះជាច្រើននាក់ និងនាវិកថែទាំយន្តហោះរាប់សិបនាក់ ហើយអាកាសយានិកទាំងអស់នឹងត្រូវធ្វើការបណ្តុះបណ្តាលភាសាអង់គ្លេសជាមុនសិន មុនពេលចូលរួមការហ្វឹកហាត់នៅរដ្ឋ Arizona នាខែក្រោយ។

ជម្រាបជូនដែរថា អ៊ុយក្រែនបានត្រៀមបញ្ជូនអាកាសយានិក ៣២នាក់ ដើម្បីចូលរួមការហ្វឹកហាត់បើកបរយន្តហោះចំបាំង F-16 ប៉ុន្តែដោយសារពួកគេមិនសូវចេះស្ទាត់ភាសាអង់គ្លេស ដូច្នេះត្រូវទាមទារឲ្យមានការរៀនសូត្របន្ថែម ដ្បិតប្រព័ន្ធបញ្ជាយន្តហោះទាំងមូលគឺសុទ្ធតែជាភាសាអង់គ្លេស។

គួរបញ្ជាក់ផងថា កាលពីពេលកន្លងទៅ ដាណឺម៉ាក​ និងហូឡង់បានសន្យាបរិច្ចាគយន្តហោះ F-16 ដល់អ៊ុយក្រែន ខណៈកាលពីថ្ងៃព្រហស្បតិ៍ នាយករដ្ឋមន្ត្រីន័រវែសឯណោះវិញ ក៏បាននិយាយដែរថា ប្រទេសខ្លួននឹងផ្តល់យន្តហោះប្រភេទដូចគ្នានេះទៅដល់អ៊ុយក្រែនផងដែរ ដើម្បីជួយពង្រឹងដែនអាកាស និងជាជំនួយជួយក្នុងការវាយបកប្រឆាំងនឹងការឈ្លានពានរបស់រុស្សីវិញ៕