ថា្នក់ដឹកនាំថៃរូបណា នឹងត្រូវទៅចូលរួមកិច្ចប្រជុំកំពូលអាស៊ាន ជំនួសនាយករដ្ឋមន្ត្រីថ្មី?

អន្តរជាតិ

គណ:ប្រតិភូថៃដែលទៅចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ាន នៅប្រទេសឥណ្ឌូនេស៊ី នឹងត្រូវដឹកនាំដោយលោក Sarun Charoensuwan រដ្ឋលេខាធិការអចិន្ត្រៃយ៍ ទទួលបន្ទុកកិច្ចការបរទេស ជំនួសនាយករដ្ឋមន្ត្រីទើបជាប់ឆ្នោតថ្មី លោក Sretta Thavisin ដែលមិនអាចទៅរួមបាននោះឡើយ ក្រោយមិនទាន់ចូលស្បថ និងថ្លែងសុន្ទរកថាគោលនយោបាយទៅកាន់សភានៅឡើយ។​

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បើតាមការចុះផ្សាយពីសារព័ត៌មាន Thai PBS បានបង្ហាញថា លោក Sarun នឹងតំណាងឱ្យប្រទេសថៃចូលរួមនៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៣ និងកិច្ចប្រជុំពាក់ព័ន្ធផ្សេងទៀត ដោយព្រឹត្តិការណ៍នេះ មានរយ:ពេលបីថ្ងៃ ដែលនឹងចាប់ផ្តើមពីថ្ងៃស្អែកតទៅ ។

ប្រភពដដែលនេះ បានបន្តទៀតថា លោក Sarun ក៏នឹងចូលរួមនៅក្នុងសម័យប្រជុំទាំងអស់ រួមទាំងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការបរទេស និងក្រុមប្រឹក្សាសម្របសម្រួលរួម មុនពេលដល់កិច្ចប្រជុំថ្នាក់ដឹកនាំកំពូល។

ជម្រាបជូនទៀតផងដែរថា លោក Sarun ក៏នឹងចូលរួមក្នុងការបើកវេទិកាអាស៊ាន-ឥណ្ឌូប៉ាស៊ីហ្វិក (AIPF) រួមជាមួយនឹងមេដឹកនាំប្រទេសតំបន់អាស៊ានផ្សេងទៀត ខណ:វេទិកា AIPF នេះ ត្រូវបានចាត់ទុកថាជាព្រឹត្តិការណ៍ដ៏សំខាន់នៃកិច្ចប្រជុំកំពូលអាស៊ាន ដែលបម្រើជាវេទិកាផ្លាស់ប្តូរទស្សនៈ និងយុទ្ធសាស្រ្ត ដើម្បីអនុវត្តចក្ខុវិស័យអាស៊ានស្តីពី ឥណ្ឌូប៉ាស៊ីហ្វិក (AOIP) ។ ហើយលោកក៏នឹងបន្តចូលរួមកិច្ចប្រជុំកំពូលអាស៊ានបូក ជាមួយប្រទេសចិន ជប៉ុន កូរ៉េខាងត្បូង សហរដ្ឋអាមេរិក កាណាដា អូស្ត្រាលី ឥណ្ឌា និងអាស៊ានបូកបីផងដែរ៕