ក្រុមហ៊ុនរថយន្តលំដាប់កំពូលមួយរបស់ចិន កំពុងរៀបចំផែនការសង់រោងចក្រដំបូងនៅថៃ

អន្តរជាតិ

ក្រុមហ៊ុន Omoda & Jaecoo International Co ដែលជាបុត្រសម្ព័ន្ធមួយរបស់ក្រុមហ៊ុនគ្រប់គ្រងដោយរដ្ឋចិន Chery International ថ្មីៗនេះ កំពុងបង្ហាញពីផែនការរបស់ខ្លួន ក្នុងការស្នើសុំសិទ្ធិទៅកាន់ក្រុមប្រឹក្សាវិនិយោគថៃ (BoI) ដើម្បីសាងសង់រោងចក្រផលិតរថយន្តអគ្គិសនីដំបូងរបស់ខ្លួន នៅក្នុងប្រទេសនេះ។ នេះបើតាមការចុះផ្សាយពីកាសែត Bangkok Post ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក Qi Jie នាយកក្រុមហ៊ុន Omoda & Jaecoo International ប្រចាំប្រទេសថៃ បាននិយាយថា ផែនការវិនិយោគរបស់ក្រុមហ៊ុនមេ Chery នៅក្នុងប្រទេសថៃ គឺមានបីដំណាក់កាល ដោយដំណាក់កាលដំបូង នៅឆ្នាំ ២០២៤-២០២៥ ជាមួយសមត្ថភាពផលិតរថយន្តអគ្គិសនីប្រហែល ១៨ ០០០ គ្រឿងក្នុងមួយឆ្នាំ។

ក្រុមហ៊ុនរបស់ចិនមួយនេះ គ្រោងនឹងធ្វើការពិភាក្សាជាមួយក្រុមហ៊ុន Arun Plus Co ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនប្រេង និងឧស្ម័នជាតិ PTT Plc នៅសប្តាហ៍នេះផងដែរ ដើម្បីផលិតរថយន្ត EV ក្នុងដំណាក់កាលដំបូង មុនពេលអាចបង្កើតរោងចក្រផលិតដោយខ្លួនឯង នៅជំហានបន្ទាប់។

ទន្ទឹមនឹងនេះ លោក Qi Jie បានមានប្រសាសន៍ទៀតថា ក្រុមហ៊ុនរបស់លោក ក៏កំពុងពិភាក្សាជាមួយក្រុមហ៊ុនរបស់ថៃផ្សេងទៀត ជុំវិញការវិនិយោគនៅក្នុងរោងចក្រផលិតរថយន្ត EV និងទីតាំងថ្មីរបស់ខ្លួន ខណ:ថៃ ជាប្រទេសទីបីហើយ នៅក្នុងតំបន់អាស៊ាន ដែលក្រុមហ៊ុន Chery សម្រេចចិត្តមកបោះទុនវិនិយោគ បន្ទាប់ពីប្រទេសឥណ្ឌូនេស៊ី និងម៉ាឡេស៊ី ៕