ភាគហ៊ុនរបស់ Apple ធ្លាក់ចុះខ្លាំង ក្រោយចិនហាមមន្ត្រីខ្លួនមិនឱ្យប្រើទូរស័ព្ទ iPhone

អន្តរជាតិ

ភាគហ៊ុនរបស់ក្រុម Apple បានធ្លាក់ចុះយ៉ាងខ្លាំង បន្ទាប់ពីប្រទេសចិន ត្រូវបានគេរាយការណ៍ថា បានហាមឃាត់មន្ត្រីក្នុងជួររដ្ឋាភិបាលរបស់ខ្លួន មិនឱ្យប្រើប្រាស់ ឬនាំយកទូរស័ព្ទ iPhone ចូលទៅក្នុងការិយាល័យធ្វើការនោះឡើយ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នងរយ:ពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ មន្ត្រីចិន ត្រូវបានថ្នាក់លើរបស់ខ្លួនផ្តល់ការណែនាំ ជុំវិញការដាក់បម្រាមថ្មីនេះ ចំពេលរដ្ឋាភិបាលទីក្រុងប៉េកាំង ហាក់កំពុងព្យាយាមកាត់បន្ថយការពឹងផ្នែករបស់ខ្លួន ទៅលើបច្ចេកវិទ្យារបស់អាមេរិក។

បើតាមការចុះផ្សាយពីសារព័ត៌មាន The Wall Street បានបង្ហាញឱ្យដឹងថា បន្ទាប់លេចចេញព័ត៌មាននេះឡើង បានធ្វើឱ្យភាគហ៊ុនរបស់ក្រុមហ៊ុន Apple ធ្លាក់ចុះរហូតដល់ទៅ ៣,៦% ឯណោះ នៅពេលដែលចិន ត្រូវបានចាត់ទុកថាជាទីផ្សារដ៏ធំបំផុតរបស់ក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សអាមេរិក ដោយទាញបានជិតមួយភាគប្រាំ នៃប្រាក់ចំណូលសរុបរបស់ខ្លួន។

ជុំវិញការហាមប្រាមនេះ ក៏កំពុងតែផ្តល់ការព្រួយបារម្ភយ៉ាងខ្លាំង ក្នុងចំណោមក្រុមហ៊ុនបរទេសផ្សេងទៀត ដែលកំពុងធ្វើប្រតិបត្តិការនៅក្នុងប្រទេសចិនផងដែរ នៅចំពេលភាពតានតឹងរវាងរដ្ឋាភិបាលទីក្រុងប៉េកាំង និងវ៉ាស៊ីនតោន កាន់តែកើនឡើង។

ជម្រាបជូនផងដែរថា ការរឹតបន្តឹងចុងក្រោយដោយរដ្ឋាភិបាលចិននេះ ហាក់មានភាពស្រដៀងគ្នា ទៅនឹងអ្វីដែលអាមេរិកបានធ្វើឡើងផងដែរ ជុំវិញការប្រឆាំងទៅនឹងក្រុមហ៊ុនផលិតស្មាតហ្វូនរបស់ចិន Huawei ក៏ដូចជាការបញ្ជាឱ្យបិទកម្មវិធីកម្សាន្ត TikTok ដែលជាកម្មសិទ្ធិរបស់ក្រុមហ៊ុនចិន ByteDance ៕