ម៉ាឡេស៊ី គ្រោងនឹងហាមឃាត់ការនាំចេញធនធានរ៉ែកម្រ ​ដើម្បី​ជំរុញ​ឧស្សាហកម្ម​ក្នុង​ស្រុក

អន្តរជាតិ

​នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Anwar Ibrahim បាននិយាយកាលពីថ្ងៃចន្ទថា ប្រទេសរបស់ខ្លួន គ្រោងនឹងបង្កើតគោលនយោបាយថ្មី ដើម្បីធ្វើការហាមឃាត់នូវការនាំចេញរ៉ែកម្រ ដើម្បីចៀសវាងការបាត់ធនធាន និងជំរុញដល់ឧស្សាហកម្មនៅក្នុងស្រុក។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ម៉ាឡេស៊ី ត្រូវបានចាត់ទុកថាជាប្រទេស ដែលមានចំណែកធនធានរ៉ែកម្រច្រើនបំផុតមួយ លើពិភពលោក ដោយមានប្រមាណ ៣០ ០០០ តោន ខណ:ប្រទេសចិន ជាប្រភពធនធានរ៉ែកម្រធំបំផុតរបស់ពិភពលោក ដែលមានទុនបម្រុងប្រមាណ ៤៤ លានតោន។ នេះបើតាមទិន្នន័យពីស្ថាប័នស្រាវជ្រាវ​ភូគព្ភសាស្ត្រ​របស់សហរដ្ឋ​អាមេរិក។

​ជុំវិញវិធានការថ្មីនេះ លោក Anwar បាននិយាយថា រដ្ឋាភិបាល មានគោលបំណងគាំទ្រដល់ការអភិវឌ្ឍឧស្សហកម្មរ៉ែកម្រ នៅក្នុងប្រទេសម៉ាឡេស៊ី ប៉ុន្តែលោកមិនបានបញ្ជាក់លម្អិតថាការហាមប្រាមការនាំចេញនេះ នឹងត្រូវស្នើចូលជាធរមាន នៅពេលណានោះឡើយ។​

នាយករដ្ឋមន្ត្រីរូបនេះ​ បានបង្ហាញឱ្យដឹងទៀតថា ឧស្សាហកម្មរ៉ែកម្រនេះ រំពឹងថានឹងរួមចំណែករហូតដល់ទៅ ២ពាន់លានដុល្លារ ដល់ផលិតផលក្នុងស្រុកសរុបរបស់ប្រទេសម៉ាឡេស៊ី ក្នុងឆ្នាំ ២០២៥ ខាងមុខ ហើយនឹងអាចបង្កើតឱកាសការងារបានជិត ៧ ០០០ កន្លែង។

ជម្រាបជូនផងដែរថា ចំពោះការហាមឃាត់របស់ម៉ាឡេស៊ីនេះ អាចនឹងផ្តល់ផលប៉ះពាល់ ចំពោះការនាំចេញទៅកាន់ចិន ដោយសារតែប្រទេសនេះ បាននាំចូលប្រហែល ៨% នៃរ៉ែកម្រសរុបរបស់ខ្លួន ពីម៉ាឡេស៊ី នៅចន្លោះខែមករា ដល់ខែកក្កដា ឆ្នាំ ២០២៣ នេះ៕