Apple បង់ប្រាក់ ២៥លានដុល្លារ បញ្ចប់សំណុំរឿងមួយ ជាមួយរដ្ឋាភិបាលអាមេរិក

អន្តរជាតិ

ក្រុមហ៊ុន Apple Inc នឹងបង់ប្រាក់ពិន័យ ២៥លានដុល្លារ ដើម្បី​បញ្ចប់ការចោទប្រកាន់ពី​នាយកដ្ឋានយុត្តិធម៌របស់អាមេរិក ជុំវិញការជួលបុគ្គលិកមកធ្វើការនៅក្រុមហ៊ុន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នាយកដ្ឋានយុត្តិធម៌អាមេរិកអះអាងថា Apple បានផ្ដល់អាទិភាពសម្រាប់ជនអន្តោប្រវេសន៍ សម្រាប់មុខតំណែងមួយចំនួននៅក្រុមហ៊ុន ជាជាងប្រជាជនអាមេរិក និងពលរដ្ឋដែលទើបទទួលបានប័ណ្ណបៃតង (Green Card Holders)។

ប្រភពដដេលបន្ថែមទៀតថា ទង្វើរបស់ក្រុមហ៊ុន Apple គឺល្មើសនឹងច្បាប់របស់សហព័ន្ធ ដែលព្យាយាមលុបបំបាត់ការរើសអើងសញ្ជាតិ។

សូមជម្រាបដែរថា ប្រាក់ពិន័យ ២៥លានដុល្លារ ដែលApple នឹងត្រូវបង់ជូននាយកដ្ឋានយុត្តិធម៌ គឺជាការបង់ប្រាក់បញ្ចប់រឿងក្ដីធំបំផុត ដែលនាយកដ្ឋានធ្លាប់ទទួល ជុំវិញការរើសអើងសញ្ជាតិ ខណៈ Apple ត្រូវបង់ ៦,៧៥លានដុល្លារ សម្រាប់ការពិន័យស៊ីវិល និង១៨,២៥លានដុល្លារទៀត សម្រាប់សងជំងឺចិត្ត ដល់ប្រជាជនដែលខកខានឱកាសការងារទាំងនោះ៕