អាមេរិក និងអង់គ្លេស ប្រកាសដាក់ទណ្ឌកម្មថ្មី ទៅលើក្រុមហាម៉ាស

អន្តរជាតិ

សហរដ្ឋអាមេរិក និងអង់គ្លេស កាលពីថ្ងៃអង្គារ ទី១៤ ខែវិច្ឆិកាកន្លងទៅ​ បានសម្រេចដាក់ទណ្ឌកម្មជុំទី៣ សំដៅលើក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន ហាម៉ាស ដើម្បីជាការកាត់ផ្តាច់ការផ្តល់មូលនិធិសំណាក់ប្រទេសអ៊ីរ៉ង់ ដែលគាំទ្រទៅលើក្រុមមួយនេះ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VOA។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

រដ្ឋមន្ត្រីក្រសួងរតនាគារសហរដ្ឋអាមេរិក លោកស្រី Janet Yellen បាននិយាយ នៅក្នុងសេចក្តីថ្លែងការណ៍មួយថា ទាំងអាមេរិក និងអង់គ្លេស កំពុងព្យាយាមកាត់បន្ថយលទ្ធភាពរបស់ក្រុមហាម៉ាស ក្នុងការប្រមូលលុយ និងប្រើប្រាស់មូលនិធិ ដើម្បីអនុវត្តទៅលើអំពើឃោឃៅរបស់ខ្លួន។

លោកស្រី Yellen បានបន្ថែមទៀតថា ៖ ” សកម្មភាពរបស់ក្រុមហាម៉ាស បានបង្កឱ្យមានការឈឺចាប់យ៉ាងខ្លាំង ហើយអំពើភេរវកម្មមិនគួរត្រូវបានលើកលែងនោះឡើយ។ យើង រួមជាមួយដៃគូរបស់យើង នឹងព្យាយាមកាត់ផ្តាច់ហេដ្ឋារចនាសម្ព័ន្ធហិរញ្ញវត្ថុរបស់ក្រុមហាម៉ាស និងកាត់ពួកគេចេញពីការផ្តល់មូលនិធិពីខាងក្រៅ រួមទាំងរារាំងបណ្តាញផ្តល់មូលនិធិថ្មីរបស់ពួកគេ ផងដែរ “។

គួរឱ្យដឹងថា លោក Mahmoud Khaled Zahhar សមាជិកជាន់ខ្ពស់ និងជាសហស្ថាបនិកនៃក្រុមហាម៉ាស និងមេដឹកនាំរបស់ក្រុមសកម្មប្រយុទ្ធនេះ ផ្សេងទៀត កំពុងស្ថិតក្នុងចំណោមអ្នកដែលត្រូវបានដាក់ទណ្ឌកម្ម ដោយរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន និងរដ្ឋាភិបាលទីក្រុងឡុងដ៍។

ជម្រាបជូនផងដែរថា វិធានការនេះ គឺជាការរឹងបន្តឹងមួយផ្សេងទៀត នៃទណ្ឌកម្មរបស់សហរដ្ឋអាមេរិក ចាប់តាំងពីមានការវាយប្រហារ កាលពីថ្ងៃទី៧ ខែតុលា ដែលក្រុមហាម៉ាស បានវាយលុកឆ្លងកាត់ព្រំដែនកាហ្សា ដោយបានសម្លាប់មនុស្ស ១ ២០០ នាក់ និងចាប់ធ្វើជាចំណាប់ខ្មាំងប្រហែល ២៤០ នាក់ ៕