ជប៉ុន សម្រេចកែប្រែច្បាប់លើផលិតផលវេជ្ជសាស្ត្រ ដែលផលិតចេញពីកញ្ឆា

អន្តរជាតិ

សភារបស់ប្រទេសជប៉ុនកាលពីថ្ងៃពុធ បានអនុម័តច្បាប់ស្តីពីការកែប្រែឲ្យស្របច្បាប់ នូវផលិតផលវេជ្ជសាស្ត្រដែលផលិតចេញពីវត្ថុធាតុដើម ដែលមានសារធាតុកញ្ឆា ខណៈរដ្ឋាភិបាលនឹងដាក់ទោសទណ្ឌចំពោះជនណា ដែលប្រើប្រាស់សារធាតុទាំងនេះ មិនមែនក្នុងគោលបំណងឱសថ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន The Japan Times ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បច្ចុបន្នក្នុងប្រទេសជប៉ុន ថ្នាំដែលផលិតពីរុក្ខជាតិកញ្ឆា គឺត្រូវបានអនុញ្ញាតត្រឹមតែការប្រើប្រាស់នៅក្នុងការពិសោធន៍តែប៉ុណ្ណោះ ប៉ុន្តែក្រុមអ្នកជំងឺបានអំពាវនាវទៅកាន់រដ្ឋាភិបាល ដើម្បីអាចប្រើប្រាស់ថ្នាំ Cannabidiol ដែលមានធាតុផ្សំពីរុក្ខជាតិកញ្ឆា ដោយស្របច្បាប់បាននៅក្នុងប្រទេស ក៏ព្រោះថាវាត្រូវបានអនុម័តប្រើប្រាស់រួចហើយនៅក្នុងទ្វីបអឺរ៉ុប និងសហរដ្ឋអាមេរិក។

នៅក្រោមការកែសម្រួលច្បាប់ ដែលនឹងចូលជាធរមានក្នុងរយៈពេលមួយឆ្នាំចាប់ពីថ្ងៃប្រកាសឱ្យប្រើ កញ្ឆា និង Tetrahydrocannabinol (THC) ដែលជាសារធាតុគីមីផ្លូវចិត្តដែលមាននៅក្នុងរុក្ខជាតិ ត្រូវបានកំណត់ថាជាសារធាតុញៀនដែលត្រូវគ្រប់គ្រង។

តែទោះជាយ៉ាងណាក៏ដោយ ការកាន់កាប់ និងការចែកចាយត្រូវបានហាមឃាត់រួចហើយនៅក្នុងប្រទេសជប៉ុន ជាមួយគ្នានោះ ប្រទេសនេះនឹងហាមឃាត់ការប្រើប្រាស់ក្នុងគោលបំណងសប្បាយ ដោយកំណត់ថានឹងត្រូវជាប់ពន្ធនាគាររហូតដល់ប្រាំពីរឆ្នាំ សម្រាប់ជនណាដែលបំពាន។

បើរំលឹកទៅកាលពីមុន ប្រទេសជប៉ុនមិនបានដាក់ពិន័យលើការប្រើប្រាស់កញ្ឆានោះទេ ដោយហេតុថាកសិករនៅពេលដាំដុះតែងតែស្រូបយកសារធាតុនេះទាំងចៃដន្យ និងមិនដឹងខ្លួន ក៏ប៉ុន្តែកង្វះនៃការហាមប្រាមការប្រើប្រាស់ទាំងនេះ បានធ្វើឲ្យមានការផ្លាស់ប្តូរគោលជំហររបស់ខ្លួន ចំពេលមានការព្រួយបារម្ភកាន់តែខ្លាំងឡើងថា វាកំពុងលើកកម្ពស់ឲ្យយុវជនលួចបន្លំប្រើប្រាស់សារធាតុញៀន៕