ហ្វាំងឡង់គ្រោងចុះកិច្ចព្រមព្រៀងការពារជាតិ ជាមួយអាមេរិក 

អន្តរជាតិ

រដ្ឋាភិបាលហ្វាំងឡង់បានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ថា ខ្លួននឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងយោធាការពារជាតិជាមួយសហរដ្ឋអាមេរិក ដើម្បីពង្រឹងសន្តិសុខ និងការពារខ្លួនក្នុងករណីមានជម្លោះ។ 

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ទីភ្នាក់ងារសារព័ត៌មាន Xinhua បានចេញផ្សាយថា កិច្ចព្រមព្រៀងសហប្រតិបត្តិការការពារជាតិ (DCA) ជាមួយនឹងសហរដ្ឋអាមេរិកនោះ នឹងអនុញ្ញាតឲ្យកងកម្លាំងប្រដាប់អាវុធសហរដ្ឋអាមេរិក អាចប្រើប្រាស់តំបន់យោធាចំនួន ១៥ទីតាំង របស់ហ្វាំងឡង់បាន។ 

នៅក្នុងកិច្ចព្រមព្រៀង DCA នេះដដែល នឹងអនុញ្ញាតឲ្យទាហានអាមេរិកអាចចូលទៅកាន់មូលដ្ឋានកងទ័ពអាកាស មូលដ្ឋានកងទ័ពជើងទឹក តំបន់យោធភូមិភាគ តំបន់ហ្វឹកហាត់ តំបន់ឃ្លាំង និងបន្ទាយឆ្មាំព្រំដែនរបស់ហ្វាំងឡង់ផងដែរ។ 

ម្យ៉ាងវិញទៀត DCA នឹងអនុញ្ញាតឲ្យកងកម្លាំងសហរដ្ឋអាមេរិក អាចបំពាក់ឧបករណ៍ការពារ និងសម្ភារៈផ្សេងៗជាច្រើនទៀត លើទឹកដីហ្វាំងឡង់បានដោយស្របច្បាប់ ព្រមទាំងអនុញ្ញាតឲ្យមានការចូលចតពីសំណាក់បណ្តាយន្តហោះ នាវា ក៏ដូចជាយានជំនិះរបស់សហរដ្ឋអាមេរិកបានថែមទៀតផង។ 

គួរជម្រាបដែរថា ហ្វាំងឡង់បច្ចុបន្នកំពុងតែស្វះស្វែងក្នុងការការពារខ្លួនទុកជាមុនបន្ថែមទៀត បន្ទាប់ពីមើលឃើញនូវអ្វី ដែលរុស្ស៊ីបានលុកលុយឈ្លានពានមកលើប្រទេសអ៊ុយក្រែន កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ ២០២២ ដ្បិតអីហ្វាំងឡង់ជាប្រទេសមួយដែលមានព្រំដែន ជាប់នឹងប្រទេសរុស្ស៊ីប្រវែងប្រមាណ ១ ៣៤០ គីឡូម៉ែត្រ៕