ធនាគារកណ្តាលឡាវ ដាក់ចេញច្បាប់ថ្មីតម្រូវឲ្យវិនិយោគិនបរទេស បើកគណនីចម្បងក្នុងប្រទេសខ្លួន

អន្តរជាតិ

ធនាគារនៃសាធារណរដ្ឋប្រជាមានិតឡាវ (BOL) កាលពីពេលថ្មីៗនេះ បានចេញសេចក្តីសម្រេចស្តីពីបទប្បញ្ញត្តិនៃការប្រើប្រាស់រូបិយប័ណ្ណបរទេស ដែលតម្រូវឱ្យក្រុមអ្នកវិនិយោគបរទេសទាំងអស់ បើកគណនីធនាគារចម្បងនៅក្នុងប្រទេសរបស់ខ្លួន ដើម្បីដំណើរការប្រតិបត្តិការហិរញ្ញវត្ថុរបស់ពួកគេ។ នេះបើតាមការចុះផ្សាយពីកាសែត Vientiane Times។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សេចក្តីសម្រេចនេះ ត្រូវបានដាក់ចេញបន្ទាប់ពីរដ្ឋាភិបាលឡាវ បានរកឃើញថាលំហូរវិនិយោគបរទេសដែលបានកត់ត្រានៅក្នុងប្រព័ន្ធធនាគារ ហាក់មានកម្រិតទាបជាងតម្លៃដែលពួកគេបានព្រមព្រៀងគ្នាចំពោះដើមទុននៃការវិនិយោគ។

ជុំវិញវិធានការថ្មីរបស់ធនាគារកណ្តាលឡាវនេះ គឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលក្នុងការធានាថារូបិយប័ណ្ណបរទេសកាន់តែច្រើននឹងត្រូវតែចូលក្នុងប្រព័ន្ធធនាគារ ដើម្បីយកទៅប្រើប្រាស់ក្នុងការដោះស្រាយភាពខ្វះខាតនៃរូបិយប័ណ្ណក្នុងស្រុក ដោយសង្ឃឹមថាវានឹងអាចជួយបង្កើនតម្លៃប្រាក់គីប ដើម្បីដោះស្រាយបញ្ហាហិរញ្ញវត្ថុនៅក្នុងប្រទេស។

វិធានការថ្មីនេះផងដែរ នឹងតម្រូវឲ្យក្រុមអ្នកវិនិយោគបរទេសទាំងអស់ បើកគណនីធនាគារចម្បងរបស់ពួកគេជាប្រាក់គីបឡាវ និងរូបិយប័ណ្ណបរទេស នៅធនាគារពាណិជ្ជក្នុងប្រទេសឡាវ ឲ្យបានមុនរយ:ពេល ១៥ថ្ងៃ បន្ទាប់ពីពួកគេទទួលបានអាជ្ញាប័ណ្ណអាជីវកម្ម ឬត្រូវបានអនុម័តសំណើសុំវិនិយោគ។

លើសពីនេះទៅទៀត ក្រុមអ្នកវិនិយោគបរទេសដែលមានបំណងចង់បង់ថ្លៃទំនិញ សេវាកម្ម បំណុល ភាគលាភ និងប្រាក់បៀវត្សរ៍ឬប្រាក់ឈ្នួល ត្រូវបំប្លែងពីរូបិយប័ណ្ណបរទេសរបស់ពួកគេ ទៅជារូបិយប័ណ្ណក្នុងស្រុករបស់ឡាវជាមុនសិន តាមរយៈធនាគារពាណិជ្ជ និងរក្សាទុកឯកសារប្តូរប្រាក់សម្រាប់គោលបំណងសវនកម្ម៕