មួយថ្ងៃកើនលុយជាង ២ពាន់លានដុល្លារ មហាសេដ្ឋីឥណ្ឌា ក្លាយជាអ្នកមានដាច់គេនៅអាស៊ី

អន្តរជាតិ

ប្រធានក្រុមហ៊ុន Reliance Industries Limited ហៅកាត់ RIL លោក Mukesh Ambani បានក្លាយជាមហាសេដ្ឋីមានទ្រព្យសម្បត្តិច្រើនបំផុតនៅតំបន់អាស៊ី ជាមួយទំហំទឹកប្រាក់ប្រហែល ១០២ពាន់លានដុល្លារ កើនឡើង ២,៧៦ពាន់លានដុល្លារនៅថ្ងៃទី១២ ខែមករា ដោយសារកំណើនតម្លៃភាគហ៊ុនរបស់លោក។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមការចុះផ្សាយពីសារគេហទំព័រ Bloomberg Billionaires Index បានបង្ហាញថា បច្ចុប្បន្ន មហាសេដ្ឋីឥណ្ឌារូបនេះ កំពុងឈរនៅលេខរៀងទី១២ ជាកំពូលអ្នកមានលុយច្រើនបំផុតលើលោក។

ក្រុមហ៊ុន RIL មានកំណើនតម្លៃភាគហ៊ុនជិត ៣% តាំងពីបើកទំព័រឆ្នាំថ្មី ដែលធ្វើឲ្យមហាសេដ្ឋី ជាម្ចាស់ក្រុមហ៊ុនមួយនេះ ក៏មានកំណើនទ្រព្យសម្បត្តិគួរឲ្យកត់សម្គាល់ផងដែរ ពោលរយៈពេល ១២ថ្ងៃនេះ ទ្រព្យសម្បត្តិរបស់លោក Ambani មានកំណើនរហូតដល់ ៥,៤៧ពាន់លានដុល្លារ។

ជម្រាបបន្ថែមថា ទំហំទឹកប្រាក់បច្ចុប្បន្នរបស់លោក Ambani គឺកំពុងខិតទៅរកចំណុចកំពូលកាលពីខែមេសា ឆ្នាំ២០២២ ពោលកាលនោះទ្រព្យសម្បត្តិដែលលោក មានច្រើនបំផុតគឺ ១០៣ពាន់លានដុល្លារ៕