មហាសេដ្ឋី Jeff Bezos ជូនលុយធីបជាង ៥ម៉ឺនដុល្លារ ដល់បុគ្គលិកសណ្ឋាគារ ក្រោយពិធីមង្គលការនៅទីក្រុង Venice

អន្តរជាតិ

ស្ថាបនិកក្រុមហ៊ុន Amazon លោក Jeff Bezos និងគូស្នេហ៍ គឺលោកស្រី Lauren Sanchez ទើបតែបានបញ្ចប់ពិធីមង្គលការដ៏អធិកអធម និងបែបអភិជនបំផុត ដែលត្រូវបានរៀបចំឡើងនៅក្នុងទីក្រុងVenice ប្រទេសអ៊ីតាលី​ កាលពីពេលថ្មីៗនេះ ហើយត្រូវបានគេរាយការណ៍មកថាបានចំណាយទឹកប្រាក់ដល់ទៅរាប់លានដុល្លារ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យ៉ាងណាមិញ​ ក្រោយបញ្ចប់ពិធីមង្គលការ​​ យោងតាមសារព័ត៌មានអ៊ីតាលី Il Messaggero បានបង្ហាញឲ្យដឹងថា លោក Jeff Bezos ក៏បានធ្វើរឿងគួរឲ្យភ្ញាក់ផ្អើលមួយ​ ដោយបានបន្សល់ទុកលុយធីបចំនួន ៥២ ០០០ដុល្លារ (ឬស្មើប្រហែល ៤៥ ០០០អឺរ៉ូ) ដល់បុគ្គលិកនៃសណ្ឋាគារលំដាប់ផ្កាយប្រាំ Aman Venice ដែលជាកន្លែងពិធីនេះត្រូវបានរៀបចំធ្វើឡើង។

មិនតែប៉ុណ្ណោះ​ បើទោះបីជាពិធីមង្គលការនេះ​ ត្រូវបានរងការរិះគន់ពីសំណាក់អ្នករស់នៅក្នុងទីក្រុង Venice មួយចំនួន ចំពោះការបង្កជាភាពភាពរញ៉េរញ៉ៃក្នុងទីក្រុងក៏ដោយ ប៉ុន្តែបុគ្គលិកសណ្ឋាគារ Aman Venice ត្រូវបានបានគេនិយាយថាបានបង្ហាញការដឹងគុណ លោក Bezos ដោយក្តីស្រលាញ់ ចំពោះភាពសម្បុសរធម៌របស់លោក។

លើសពីនេះ ក្រៅតែបានផ្តល់លុយធីបយ៉ាងច្រើនហើយ របាយការណ៍ពី Il Messaggero ក៏រាយការណ៍ផងដែរថា លោក Bezos បានសន្យាផ្តល់ជំនួយជាទឹកប្រាក់ចំនួន ៣លានដុល្លារផ្សេងទៀត ដើម្បីគាំទ្រដល់អង្គការមិនស្វែងរកប្រាក់ចំណេញ ក្នុងទីក្រុង Venice ចំពោះការខិតខំប្រឹកប្រែងរបស់ពួកគេ​ លើការថែរក្សាបឹង និងបរិស្ថានជុំវិញទីក្រុង។

ជម្រាបជូនផងដែរថា បច្ចុប្បន្នលោក Bezos ត្រូវបានសារព័ត៌មាន Forbes រាយការណ៍ថាមានទ្រព្យសម្បត្តិសរុបប្រមាណ ២៣៩ពាន់លានដុល្លារ ដោយធ្វើឲ្យលោកជាប់ចំណាត់ថ្នាក់ទី៤ ក្នុងបញ្ជីអ្នកមានដាច់គេលើលោក៕