ប្រាក់ចំណេញត្រីមាសទី៤ របស់ក្រុមហ៊ុនបន្ទះឈីបខ្នាតយក្សតៃវ៉ាន់ រំពឺងធ្លាក់ចុះជាង ២០%

អន្តរជាតិ

ក្រុមហ៊ុន Taiwan Semiconductor Manufacturing Co Ltd ត្រូវបានគេរំពឹងថានឹងរាយការណ៍ពីការធ្លាក់ចុះប្រាក់ចំណេញនៅត្រីមាសទី៤ ឆ្នាំ២០២៣ ចំនួន២៣% ខណៈអ្នកវិភាគបានព្យាករណ៍ថា នឹងមានកំណើនល្អប្រសើរនៅឆ្នាំនេះ ដោយសារតែមានតម្រូវការស្ទុះងើបឡើងវិញ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមវិទ្យាស្ថានស្រាវជ្រាវ LSEG SmartEstimate បានលើកឡើងថា ក្រុមហ៊ុនផលិតបន្ទះឈីបដ៏ធំបំផុតរបស់ពិភពលោកមួយនេះ នឹងរាយការណ៍ពីប្រាក់ចំណេញសុទ្ធរបស់ខ្លួនចំនួន ២២៦,៤ពាន់លានដុល្លារតៃវ៉ាន់ (៧,២១ពាន់លានដុល្លារ) នៅក្នុងត្រីមាសទី៤ ដែលរាប់ចាប់ពីខែតុលាដល់ខែធ្នូ ឆ្នាំ២០២៣ ក៏ប៉ុន្តែបើប្រៀបធៀបទៅនឹងប្រាក់ចំណេញសុទ្ធកាលពីដើមឆ្នាំ២០២៣វិញ គឺមានចំនួនតិចជាងដាច់ ពោលធ្លាប់ទទួលបាន ២៩៥,៩ ពាន់លានដុល្លារតៃវ៉ាន់។

ជាមួយគ្នានោះ បើតាមការគណនារបស់សារព័ត៌មាន Reuters ដែលចេញផ្សាយកាលពីសប្តាហ៍មុនបានបង្ហាញថា ប្រាក់ចំណូលក្នុងរយៈពេលបីខែចុងក្រោយកាលពីក្នុងឆ្នាំ២០២៣ មានចំនួន ៦២៥,៥ពាន់លានដុល្លារតៃវ៉ាន់ (២០,១០ពាន់លានដុល្លារ) ប្រៀបធៀបទៅនឹងឆ្នាំមុនៗវិញ ក្រុមហ៊ុនទទួលបានចំណូលចំនួន ១៩,៩៣ពាន់លានដុល្លារ។

គួរជម្រាបថា កាលពីឆមាសទីពីរនៃឆ្នាំ២០២២ តម្រូវការបន្ទះឈីបសកលបានចាប់ផ្តើមចុះខ្សោយ ក៏ប៉ុន្តែអ្នកវិភាគបាននិយាយថា ស្តុកបន្ទះឈីបនៅក្រុមហ៊ុនផលិតស្មាតហ្វូន ក៏ដូចជាក្រុមហ៊ុនផលិតកុំព្យូទ័រកំពុងតែមានការធ្លាក់ចុះ តម្រូវឲ្យមានការស្តុកទុកឡើងវិញ ហេតុនេះហើយទើបត្រូវបានគេរំពឹងថា តម្រូវការបន្ទះឈីបនឹងមានការកើនឡើង៕