ប្រាក់ចំណូលផ្ទាល់ខ្លួនរបស់ប្រធានាធិបតីអ៊ុយក្រែន ថមចុះគួរឲ្យកត់សំគាល់

អន្តរជាតិ

កាលពីថ្ងៃទី២៨ ខែមករាប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy បានបង្ហាញអំពីប្រាក់ចំណូលផ្ទាល់ខ្លួនរបស់លោកជាសាធារណៈនៅក្នុងរយៈពេលពីរឆ្នាំគឺនៅឆ្នាំ២០២១ និង២០២២ ខណៈការប្រកាសនេះក្នុងន័យដើម្បីជាការជំរុញ ក៏ដូចជាលើកកម្ពស់តម្លាភាព និងលុបបំបាត់អំពើពុករលួយជាសកល។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

តាមរយៈសារព័ត៌មាន Reuters បានដកស្រង់អំពីការប្រកាសលើគេហទំព័រប្រធានាធិបតីអ៊ុយក្រែន ដោយបានបង្ហាញថា ប្រាក់ចំណូលរបស់លោក Zelenskyy មានការធ្លាក់ចុះនៅឆ្នាំ២០២១ ហើយក៏ត្រូវបានធ្លាក់ចុះបន្ថែមទៀតអំឡុងពេលដែលរុស្ស៊ី បានឈ្លានពានប្រទេសអ៊ុយក្រែនកាលពីចុងខែកុម្ភៈឆ្នាំ២០២២ ។

នៅឆ្នាំ២០២១ ជាឆ្នាំមុនមានភ្លើងសង្គ្រាមកើតមានឡើង កាលនោះលោក Zelenskyy និងគ្រួសារបានរាយការណ៍ពីប្រាក់ចំណូលសរុបចំនួន ១០,៨លានរីវញៀ (hryvnias) ឬស្មើរនឹង ២៨៦ ១៦៨ដុល្លារធ្លាក់ចុះ ១២លានរីវញៀបើធៀបនឹងឆ្នាំ២០២០ ។ មិនត្រឹមតែប៉ុណ្ណោះ នៅឆ្នាំ២០២២ ប្រាក់ចំណូលរបស់គ្រួសារប្រធានាធិបតីអ៊ុយក្រែនរូបនេះ បានធ្លាក់ចុះបន្ថែមទៀតមកនៅត្រឹម ៣,៧លានរីវញៀ។

គួរជម្រាបថា លោក Zelenskyy ក៏បានធ្វើការអំពាវនាវឱ្យមន្ត្រីសាធារណៈទាំងអស់បង្ហាញពីប្រាក់ចំណូលរបស់ពួកគេ ក្នុងន័យនេះដើម្បីលើកកម្ពស់តម្លាភាព និងលុបបំបាត់អំពើពុករលួយ ស្របពេលសម្ព័ន្ធមិត្តលោកខាងលិចដែលផ្តល់ជំនួយផ្នែកសព្វាវុធ និងហិរញ្ញវត្ថុ ព្រមទាំងស្ថាប័នអន្តរជាតិផ្សេងៗ ក៏កំពុងស្វែងរកការធានាលើកិច្ចខិតខំប្រឹងប្រែងលុបបំបាត់អំពើពុករលួយផងដែរ៕