ឆ្នាំ២០២៤ បារាំងទំលាក់កំណើនសេដ្ឋកិច្ចមកនៅត្រឹម ១%ប៉ុណ្ណោះ

អន្តរជាតិ

កាលពីពេលថ្មីៗនេះរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុបារាំងលោក Bruno Le Maire បានលើកឡើងថា សម្រាប់ឆ្នាំ២០២៤ រដ្ឋាភិបាលបានទំលាក់ចក្ខុវិស័យចំពោះកំណើនផលិតផលក្នុងស្រុកសរុប (GDP) របស់ប្រទេសបារាំង ពីចំនួន១,៤% មកនៅត្រឹម១% ប៉ុណ្ណោះ ដោយសារការធ្វើពាណិជ្ជកម្មរវាងដៃគូកំពូលៗដូចជា អាល្លឺម៉ង់ និងចិន ជួបភាពរាំងស្ទះ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍បារាំង TF1 លោក  Le Maire បានលើកថា ទោះបីជាវិបត្តិសង្គ្រាមនៅអ៊ុយក្រែន តំបន់មជ្ឈឹមបូព៌ា បញ្ហាដឹកជញ្ជូននៅសមុទ្រក្រហម ព្រមទាំងពាណិជ្ជកម្មជាមួយភាគីអាល្លឺម៉ង់ និងចិនមានការធ្លាក់ចុះក៏ដោយ កំណើនសេដ្ឋកិច្ចបារាំងត្រូវបានព្យាករណ៍ថានៅតែមានសញ្ញាណវិជ្ជមាន ក៏ប៉ុន្តែយើងត្រូវគិតគូពីបរិបទភូមិសាស្ត្រនយោបាយថ្មី។

បន្ថែមពីនោះ លោកបាននិយាយទៀតថា នឹងមិនមានការដំឡើងពន្ធ ហើយក៏មិនមានការកាត់បន្ថយការបង់ថ្លៃរបបសន្តិសុខសង្គមដល់ប្រជាពលរដ្ឋនោះទេ ប៉ុន្តែលោកបានសង្កត់ធ្ងន់ថា គ្រប់ក្រសួងស្ថាប័នរដ្ឋាភិបាល នឹងរួមចំណែកកាត់បន្ថយការចំណាយ។ មួយវិញទៀត ការចំណាយរបស់រដ្ឋនឹងត្រូវកាត់បន្ថយ ១០ពាន់លានអឺរ៉ូ (១០,៨ ពាន់លានដុល្លារ) នៅទូទាំងនាយកដ្ឋាន និងទីភ្នាក់ងារទាំងអស់។

មិនត្រឹមតែប៉ុណ្ណោះ រដ្ឋាភិបាលនឹងកាត់បន្ថយការចំណាយប្រតិបត្តិការចំនួន ៥ពាន់លានអឺរ៉ូនៅគ្រប់ក្រសួង ជាមួយនឹង ៥ពាន់លានអឺរ៉ូទៀតនៅក្នុងគោលនយោបាយសាធារណៈជាពិសេសជំនួយសាធារណៈ ព្រមទាំងកាត់បន្ថយ ១ពាន់លានអឺរ៉ូសម្រាប់ការអភិវឌ្ឍន៍ និង ១ពាន់លានអឺរ៉ូបន្ថែមទៀតចំពោះការឧបត្ថម្ភធនសម្រាប់ការជួសជុលអាគារលំនៅដ្ឋាន ខណៈឯមួយពាន់លានអឺរ៉ូទៀតផងដែរ នឹងត្រូវកាត់ចេញពីថវិការបស់ប្រតិបត្តិកររដ្ឋដូចជាទីភ្នាក់ងារនាំចេញ Business France និងទីភ្នាក់ងារ ANCT ។

ម្យ៉ាងវិញទៀត រដ្ឋមន្ត្រីរូបនេះក៏បានលើកឡើងទៀតថា រដ្ឋាភិបាលនឹងធ្វើឲ្យប្រាកដថា បារាំងនៅតែដើរលើផ្លូវដើម្បីគោរពគោលដៅក្នុងការកាត់បន្ថយឱនភាពរដ្ឋឆ្នាំ២០២៤ របស់ខ្លួន​មកនៅត្រឹម ៤,៤% នៃ GDP ។

គួរជម្រាបផងដែរថា កាលពីថ្ងៃទី១៥ ខែកុម្ភៈ គណៈកម្មការអឺរ៉ុបក៏បានទម្លាក់ការព្យាករណ៍កំណើន GDP របស់ប្រទេសបារាំងសម្រាប់ឆ្នាំ២០២៤ ផងដែរ ពីចំនួន១,២% ដែលធ្លាប់បានព្យាករណ៍នៅខែវិច្ឆិកាឆ្នាំមុន មកនៅត្រឹម០,៩% ប៉ុណ្ណោះ ចំណែកឯអាល្លឺម៉ង់វិញ ក៏ទម្លាក់ការរំពឹងទុកសេដ្ឋកិច្ចពី០,៨% មកត្រឹម០,៣% ៕