ស្ថាបនិកក្រុមហ៊ុនលក់រាយធំបំផុតមួយនៅជប៉ុន ទទួលមរណភាពក្នុងវ័យ ៨០ឆ្នាំ

អន្តរជាតិ

មហាសេដ្ឋីជប៉ុន លោក Hirotake Yano ដែលជាស្ថាបនិកនៃក្រុមហ៊ុនបណ្តាញលក់ទំនិញរាយបញ្ចុះតម្លៃលំដាប់ពិភពលោក Daiso បានទទួលមរណភាពហើយ នៅក្នុងវ័យ ៨០ឆ្នាំ ដោយសារជំងឺគាំងបេះដូង។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្រុមហ៊ុន Daiso បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃចន្ទ ទី១៩ ខែកុម្ភ:ថា លោក Hirotake ដែលត្រូវបានគេស្គាល់ថាជាមហាសេដ្ឋីកំពូលម្នាក់របស់ប្រទេសជប៉ុន និងមានទ្រព្យសម្បត្តិសរុបប្រមាណ ១,៩ពាន់លានដុល្លារ បានទទួលមរណភាពនៅថ្ងៃទី ១២ ខែកុម្ភ:។

រំលឹកបន្តិចថា បន្ទាប់ពីបញ្ចប់ការសិក្សាពីសកលវិទ្យាល័យ Chuo នៅក្នុងទីក្រុងតូក្យូ ក្នុងឆ្នាំ១៩៦៧ មក លោក Hirotake បានចូលទៅគ្រប់គ្រងក្រុមហ៊ុនដែលរកស៊ីលើផ្នែកនេសាទរបស់ឪពុកក្មេងរបស់លោក ប៉ុន្តែក្រោយមកក្រុមហ៊ុននេះ ត្រូវបានក្ស័យធនទៅវិញ។

លុះដល់ឆ្នាំ ១៩៧២ ខណ:ពេលដែលលោក Hirotake មានវ័យ ២០ឆ្នាំ លោកបានសម្រេចចិត្តបើកហាងលក់ទំនិញរាយមួយ ដែលមានឈ្មោះថា Yano Shoten ហើយនៅឆ្នាំ១៩៧៧ លោកក៏បានសម្រេចប្តូរឈ្មោះទៅជា Daiso វិញ។

ហាងលក់ទំនិញ Daiso នេះ បានចាប់ផ្តើមទទួលបានភាពល្បីល្បាញ និងទទួលបានភាពជោគជ័យខ្លាំង នៅពេលដែលពួកគេបានដាក់លក់ផលិតផលក្នុងតម្លៃទាប ដោយក្រុមហ៊ុននេះមានទំនិញប្រហែល ៧៦ ០០០ មុខឯណោះ ដែលភាគច្រើនជាផលិតផលប្រើប្រាស់ក្នុងផ្ទះ និងសម្ភារ:ការិយាល័យជាដើម។

ជម្រាបជូនផងដែរថា Daiso មានហាងសរុបចំនួន ៤ ៣៦០ នៅក្នុងប្រទេសជប៉ុន គិតត្រឹមចុងឆ្នាំ២០២៣ កន្លងទៅ​ និងហាងចំនួន ៩៩០ នៅក្នុងប្រទេសផ្សេងៗជាច្រើនទៀត៕