អតីតប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ជាប់ក្នុងបញ្ជីកំពូលអ្នកមានបំផុតលើលោក ៥០០រូប

អន្តរជាតិ

ទ្រព្យសម្បត្តិរបស់អតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ មានការកើនឡើងច្រើនជាង ៤ពាន់លានដុល្លារ ដែលបានធ្វើឲ្យលោកជាប់នៅក្នុងបញ្ជីឈ្មោះកំពូលអ្នកមានលុយច្រើនបំផុត លើពិភពលោកចំនួន ៥០០នាក់ជាលើកដំបូង។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមទិន្នន័យបង្ហាញដោយគេហទំព័រ Bloomberg បានឲ្យដឹងថា មហាសេដ្ឋីអាមេរិក វ័យ ៧៧ឆ្នាំរូបនេះ គឺជាអ្នកជំនួញមានលុយខ្ទង់ពាន់លានដុល្លារយូរណាស់មកហើយ ក៏ប៉ុន្តែទើបតែនៅឆ្នាំ២០២៤នេះប៉ុណ្ណោះ ដែលទ្រព្យសម្បត្តិរបស់លោកកើនដល់ចំណុចខ្ពស់បំផុត ប្រមាណ ៦,៥ពាន់លានដុល្លារ។

សូមជម្រាបដែរថា ប្រភពចំណូលដ៏ធំបំផុតរបស់មហាសេដ្ឋីរូបនេះ គឺបានមកពីវិស័យអចលនទ្រព្យ ដែលលោកបានរកស៊ីនៅក្នុងវិស័យមួយនេះ ជាយូរណាស់មកហើយ។

រំលឹកបន្តិចថា អំឡុងពេលកាន់តំណែងជាប្រធានាធិបតីអាមេរិក ចន្លោះឆ្នាំ២០១៧ ដល់២០២១ លោក ដូណាល់ ត្រាំ ប្រកាសយកប្រាក់ខែពីរដ្ឋាភិបាលអាមេរិកតែមួយដុល្លារប៉ុណ្ណោះ ស្របពេលបច្ចុប្បន្ន អ្នកជំនួញខ្នាតយក្សរូបនេះ ក៏កំពុងឈរឈ្មោះដណ្ដើមកៅអីមេដឹកនាំកំពូល​អាមេរិក ជាមួយលោក ចូ បៃដិន ផងដែរ៕